
World Cup៖ តួនាទីជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ ឬហៅកាត់ថា FIFA របស់ លោក ហ្គេននី អ៊ីនហ្វេនទីណូ (Gianni Infantino) ទំនងជាត្រូវបាត់បង់មុនការបោះឆ្នោតកំណត់អាណត្តិទី៤របស់លោកមកដល់ ពោលគឺបន្ទាប់លោកបានប្រព្រឹត្តិកំហុសដ៏ធ្ងន់ធ្ងរមួយ កាលពីកំលុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup) ថ្មីៗនេះ...។

ប្រភពព័ត៌មានពី BBC បង្ហាញថា លោក ហ្គេននី អ៊ីនហ្វេនទីណូ កំពុងរងនូវសម្ពាធយ៉ាងខ្លាំងពីបណ្តាសមាជិកសហព័ន្ធបាល់ទាត់អន្តរជាតិ ជាពិសេស គណៈកម្មការមកពីសហភាពអ៊ឺរ៉ប (UEFA) តែម្ដង ដោយពួកគេព្យាយាមឱ្យលោក អ៊ីនហ្វេនទីណូ ចុះចេញពីតំណែង នៃប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិហៅកាត់ថា (FIFA) ដោយសមាជិកទាំងនោះលើកឡើងថា លោកបានបំពេញភារកិច្ចដោយភាពខ្ជីខ្ជា និងគ្មានតម្លាភាព ពោលគឺការសម្រេចឱ្យមានការព្យួរនៃ[ការពិន័យកាតក្រហម]ទៅលើខ្សែប្រយុទ្ធក្រុមបាល់ទាត់សហរដ្ឋអាម៉េរិក គឺ កីឡាករ ហ្វូឡារីន បាឡូហ្កាន់ (Folarin Balogun) ដែលទទួលបានកាតក្រហមនៅវគ្គ៣២ក្រុមចុងក្រោយ តែត្រូវបាន លោក ដូណាល់ ត្រាំ ខលទូរសព្ទស្នើសុំអន្តរាគមន៍ ឱ្យមានការលើកលែងការពិន័យនេះតាមទូរសព្ទទៅវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ សមាជិកសហព័ន្ធបាល់ទាត់ពិភពលោក នៃសហភាពអឺរ៉ុប UEFA បានលើកឡើងថា៖«តួនាទីរបស់លោក អ៊ីនហ្វេនទីណូ កំពុងស្ថិតក្នុងការគំរាមកំហែង និងដល់ពេលហើយ ដែលយើងគួរផ្លាស់ប្ដូរប្រធាន FIFA ថ្មី។ ពួកយើង[..]បានបាត់បង់ទំនុកចិត្តលើរូបគាត់ហើយ!»។ សូមជម្រាបថា លោក ហ្គេននី អ៊ីនហ្វេនទីណូ បានដឹកនាំស្ថាប័ន FIFA ចាប់តាំងពីខែមេសា ឆ្នាំ២០១៦ ពោលគឺមានរយៈពេល១ទសវត្សរ៍មកហើយ បន្ទាប់ពី លោក ស៊ែព ប្លេតទ័រ (Sepp Blatter) ដែលមានសញ្ជាតិស្វីសដូចគ្នាបានលាឈប់។ ក្នុងតួនាទីជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ លោក អ៊ីនហ្វេនទីណូ សម្រេចបានលទ្ធផលជាច្រើនពីការពង្រីកកម្មវិធីប្រកួតប្រជែងបាល់ទាត់ទូទាំងពីផពលោក។

លោកបានបង្កើតកម្មវិធីប្រកួតប្រជែងដ៏ពេញនិយមបំផុតមួយ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ Club World Cup និងការបង្កើនក្រុមបាល់ទាត់ពីចំនួន៣២ ឱ្យកើនដល់៤៨ក្រុមនៅ World Cup ឆ្នាំ២០២៦ នេះ ដោយប្រមូលបានលុយយ៉ាងច្រើនចូលក្នុងប្រអប់ហិរញ្ញវត្ថុរបស់សហព័ន្ធ។ កន្លងមក លោកក៏មានគម្រោងការលក់ភាគហ៊ុន World Cup ប្រមាណ២០ភសាគរយឱ្យវិនិយោគិនឯកជនកាន់កាប់ ប៉ុន្តែក្រោយមកលោកបានសម្រេចលុបចោលវិញ។ ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់អន្តរជាតិ នឹងប្រកាសបេក្ខភាពសម្រាប់ការបោះឆ្នោត ដើម្បីធ្វើការប្រកួតប្រជែងតំណែងប្រធាន FIFA ថ្មី យ៉ាងយូរត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ពោលគឺមុនការបោះឆ្នោតដែលប្រារព្ធធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ ខណៈលោក អ៊ីនហ្វេនទីណូ បានបង្ហាញបំណងពីការឈរឈ្មោះបោះឆ្នោត សម្រាប់តំណែងប្រធាន FIFA នៅអាណត្តិទី៤ បន្តទៀត ដើម្បីដឹកនាំសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ បន្តពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១...៕




