ឈប់គិតរឿងធ្លាក់ចេញពី ASEAN Hyundai Cup! សួរថា ជួបក្រុមទីម័រខាងកើតថ្ងៃទី៣សីហានេះ គោព្រៃកម្ពុជាមានសង្ឃឹមឈ្នះឬអត់..?

រាជធានីភ្នំពេញ៖ ក្រុមគោព្រៃឈុតធំកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី៣ ខែសីហានេះ ដែលជាការប្រកួតសន្សំពិន្ទុក្នុងពូលA។ យ៉ាងណា ក្រុមទាំងពីរបានធ្លាក់ចេញពីការប្រកួតជម្រុះក្នុងពូលជាផ្លូវការហើយ ក្រោយក្រុមសិង្ហបុរី-ឥណ្ឌូណេស៊ីមានពិន្ទុនាំមុខដាច់ ខណៈក្រុមវៀតណាមនៅមានឱកាសប្រជែងឡើងវគ្គខ្វែង ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ...។

ទោះបីយើធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួតដណ្តើមពានជើងឯក ASEAN Hyundai Cup 2026 ក៏ពិតមែន ប៉ុន្តែ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា គឺមានសង្ឃឹមអាចយកឈ្នះបានតែលើក្រុមទីម័រខាងកើតមួយប៉ុណ្ណោះ ពោលគឺជាជំនួបនៅថ្ងៃចន្ទទី៣សីហានេះ។ ក្រុមធ្លាក់ចេញពីវគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ នឹងត្រូវជួបគ្នាប្រកួតនៅវេលាម៉ោង៥:៣០នាទីល្ងាច ខណៈសំបុត្រចូលរួមទស្សនាការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការហើយដែរ គឺក្នុងតម្លៃ CAT A តម្លៃ៖ ១២០០០៛, CAT B តម្លៃ៖ ៨០០០៛, និងCAT C តម្លៃ៖ ៥០០០៛។

សូមជម្រាបថា ប្រវត្តិជួបគ្នា១០ដងចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតអាចយកឈ្នះក្រុមគោព្រៃកម្ពុជាតែម្ដងគត់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ ក្នុងវគ្គ AFF Championship Qualifiers ដោយលទ្ថផល ៥-១ ក្រៅពីនោះ ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតរហូតដល់ទៅ៩ដង ខណៈការប្រកួតចុងក្រោយ កាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ ក្រុមគោព្រៃកម្ពុជាបានយកឈ្នះ ២–១ លើក្រុមទីម័រខាងកើត នៅព្រឹត្តិការណ៍ ASEAN Championship។ ដូច្នេះ យើងរង់ចាំមើលថា តើជំនួបវិលជុំសន្សំពិន្ទុពូល A (ជុំទី៣) នេះ ក្រុមគោព្រៃកម្ពុជា អាចយកឈ្នះលើក្រុមទីម័រខាងកើតបានបន្តទៀត ឬត្រូវទីម័រលត់វិញ..? ដ្បិតទម្រង់លេងក្រុមគោព្រៃកម្ពុជា ធ្លាក់ជើងចុះគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកគាំទ្របាល់ទាត់កម្ពុជា យើងទាំងអស់គ្នាកុំភ្លេចទៅចូលរួមគាំទ្រលើកទឹកចិត្តដល់ក្រុមគោព្រៃជម្រើសជាតិយើងឱ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនពួកគេបន្តដំណើរទៅប្រទេសវៀតណាម ដើម្បីប្រកួតបង្គ្រប់កិច្ចនៅជុំទី៤នៃវគ្គសន្សំពិន្ទុក្នុងពូលA នាថ្ងៃទី៧ ខែសីហាខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត