
រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើអ្នកបង្កើត ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី អមជាមួយរូបភាពឌីហ្សាញដោយបញ្ញាសិប្បនិម្មិត (AI)...។

ចំណាត់ការរបស់ធនាគារជាតិ បន្ទាប់ពីថ្មីៗនេះ មានគណនី Tik Tok និងអាចមានគណនីបណ្តាញសង្គមផ្សេងទៀត បានផ្សព្វផ្សាយវីដេអូព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី អមជាមួយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ នៅព្រឹកថ្ងៃ២ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតទាំងនេះ និងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើស។

មិនមែនត្រឹមតែថ្កោលទោស ប៉ុន្តែធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការលើករណីខាងលើ។ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកធនាគារជាតិ តែងតែផ្សព្វផ្សាយយ៉ាងទូលំទូលាយ រាល់ប្រភេទក្រដាសប្រាក់កំពុងចរាចរ។ ក្នុងន័យនេះ ធនាគារជាតិ សូមអំពាវនាវឱ្យសាធារណជនមេត្តាចៀសវាងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កការយល់ច្រឡំដល់សាធារណជនផ្សេងទៀត៕




