ធនាគារជាតិនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ចូលរួមជំរុញ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក
S
Soriya Sou
11 ឧសភា 2026 03:45 PM

រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា គ្រោងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ស្តីពី«ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព»...។

ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងនៅថ្ងៃទី១១ ខែឧសភានេះថា ផលិតកម្មក្នុងស្រុកត្រូវបានចាត់ទុកជាកម្លាំងចលករក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេស នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់។ ទោះយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែមានបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។ ដោយពិនិត្យឃើញពីសារសំខាន់នេះ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ ក្រោមប្រធានបទគោល ស្តីពី «ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព»។ ធនាគារជាតិ មិនទាន់បញ្ជាក់នៅឡើយទេថា សន្និសីទនេះរៀបចំនៅថ្ងៃណា ប៉ុន្តែបានប្រកាសឱ្យបេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើសំណើស្រាវជ្រាវមកកាន់នាយកដ្ឋាននយោបាយ រូបិយវត្ថុនិងស្រាវជ្រាវ ខណៈព័ត៌មានពាក់ព័ន្ធនឹងសន្និសីទនេះ សូមទំនាក់ទំនងទៅលេខទូរសព្ទ ០១១ ៦១១ ២១៧/០១៥ ២៥៦ ១៦៦។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមាន៖ ការបណ្ដុះបណ្ដាលសហគ្រិនភាពដល់សហគ្រាសមីក្រូធុនតូច និងមធ្យម, ព្រមទាំងសហគ្រិនស្ត្រី, ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម, ការធ្វើទំនើបកម្ម, ប្រព័ន្ធបច្ចេកវិទ្យា, និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។ ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណាដែលមានវត្ថុធាតុដើមហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត