ស្ថាប័នជំនាញធ្វើយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើស៊ីមកាតជាមួយគណនីធនាគារ ដើម្បីផ្តាច់ឫសគល់នៃអំពើឆបោកអនឡាញ
S
Soriya Sou
19 ម៉ោងមុន

រាជធានីភ្នំពេញ៖ ធនាគារជាតិកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានសហការគ្នាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ សរុបជាង៤រយនាក់…។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា មានប្រសាសន៍ថា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារនាពេលនេះ ដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ឱ្យបានជ្រាបពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការនេះឱ្យបានកាន់តែទូលំទូលាយ។ លោកស្រីអះអាងថា ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា៖ កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ។

ក្នុងនោះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសំណូមពរឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមានព្រមទាំងរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង-ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត