ធនាគារជាតិ និងឯកជន ច្រានចោលព័ត៌មានមិនពិត និងអះអាង«វិស័យធនាគារនៅកម្ពុជាមានភាពរឹងមាំ»
S
Soriya Sou
3 ខែមុន


រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារ ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញមកបញ្ជាក់ព្រមគ្នា ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិ…។

រូបតំណាង
រូបតំណាង

ការចេញមកបញ្ជាក់ព្រមៗគ្នាពីស្ថាប័នធនាគារជាតិ, សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួន ដែលមិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា និងបន្ទាប់ពីមានអតិថិជនជាច្រើនរបស់ធនាគារ APD នាំគ្នាសម្រុកទៅដកប្រាក់បញ្ញើចេញមកវិញ ព្រោះមានក្ដីបារម្ភក្រោយឃើញធនាគារមួយចំនួនត្រូវបានបិទបន្តបន្ទាប់ តែការដកប្រាក់នោះត្រូវបានធនាគារកំណត់ត្រឹម៣០០ដុល្លារក្នុងមួយថ្ងៃ។ លោកស្រី ជា សិរី ប្រធានធនាគារជាតិនៃកម្ពុជា បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២៦ ថា អ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ខ្លួន​ឯងទៅវិញទាំងអស់ក្នុងពេលតែមួយ វាគឺជារឿងធម្មតាទេ ដែលធនាគារបង្វិលសាច់ប្រាក់ទាំងអស់ផ្ដល់ឱ្យអតិថិជនដែលជាអ្នកដាក់ប្រាក់បញ្ញើមិនទាន់ (ជួបបញ្ហាសន្ទនីយភាព)។ ​

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ព្រោះប្រាក់បញ្ញើទាំងនោះ ត្រូវបានបង្វិលផ្ដល់ជាប្រាក់កម្ចីជូនអ្នកដែលត្រូវប្រើប្រាស់លុយសម្រាប់វិនិយោគ ឬទិញផ្ទះ និងតម្រូវការចម្បងផ្សេងទៀត ដើម្បីធ្វើឱ្យចរន្តសេដ្ឋកិច្ចដំណើរការ ប៉ុន្តែមិនមែនមានន័យថា ធនាគារនោះគ្មានប្រាក់សងអតិជនទេ។ ប្រធានធនាគារជាតិអះអាងថា៖ «បច្ចុប្បន្ន ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ យើងមានធនាគារទាំងអស់ដែលធ្វើប្រតិបត្តិការ គឺអតិថិជនភាគច្រើនគាត់នៅធ្វើប្រតិបត្តិការបានធម្មតាទេ ដូច្នេះ សូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយធនាគារដែលពាក់ព័ន្ធ ហើយរកវិធីដោះស្រាយបញ្ហាប្រាក់បញ្ញើរបស់បងប្អូន»។

រូបតំណាង
រូបតំណាង

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានចេញមកអះអាងពីភាពរឹងមាំនៃប្រព័ន្ធធនាគារជាតិនៃកម្ពុជា ហើយនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានា លើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។ សមាគមទាំងពីរ បញ្ជាក់ថា ភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ ក្រោយពីសេចក្ដីថ្លែងការណ៍របស់ធនាគារជាតិ និងសមាគមធនាគារនៅកម្ពុជា គេឃើញបណ្ដាស្ថាប័នធនាគារ​ឯកជន បានចេញមកបញ្ជាក់ជាបន្តបន្ទាប់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការបន្តប្រតិបត្តិការយ៉ាងរឹងមាំរបស់ខ្លួន ចំពោះអតិថិជន និងបានប្ដេជ្ញារក្សាទំនុកចិត្ត ភាពជឿជាក់របស់សាធារណជន បន្តរួមចំណែកដល់ការអភិវឌ្ឍនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយចីរភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត