
រាជធានីភ្នំពេញ៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តរក្សាបានភាពធន់ ឆ្លុះបញ្ចាំងតាមរយៈកម្រិតខ្ពស់នៃដើមទុន និងសន្ទនីយភាព ទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ការគំរាមកំហែងពីការផ្ទុះអាវុធតាមព្រំដែន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ…។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០២៥ បង្ហាញថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ បានកើនឡើង៩,៥ភាគរយ ដល់៤០៧,១ទ្រីលានរៀល (១០១,៨ប៊ីលានដុល្លារអាម៉េរិក) ប៉ុន្តែ ឥណទានបន្តមានកំណើនយឺត៤,១ភាគរយ ខណៈប្រាក់បញ្ញើអតិថិជនរក្សាបានកើនរឹងមាំ ក្នុងអត្រា១៤,៧ភាគរយ ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ។ យ៉ាងណា ឥណទានមិនដំណើរការបន្តនិន្នាការកើនឡើងដល់៨,៩ភាគរយ។ ចំណែក ដើមទុន និងសន្ទនីយភាព ក៏ត្រូវបានរក្សានៅកម្រិតជិត២២ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងជាង៣១ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ។

ដើម្បីរក្សាបានភាពធន់ និងបង្ការហានិភ័យ ធនាគារជាតិនៃកម្ពុជា បាននិងបន្តយកចិត្តទុកដាក់ និងពង្រឹងលើការតាមដាន និងវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះជាប្រព័ន្ធ តាមរយៈការរៀបចំប្រព័ន្ធសូចនាករព្រមាន ការធ្វើស្ត្រេសតេស្ត ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្អែកលើហានិភ័យ និងទស្សនអនាគត។ ជាពិសេស ហានិភ័យបច្ចេកវិទ្យា ការពង្រឹងច្បាប់ និងបទប្បញ្ញត្តិឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងដាក់ចេញគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន។ ធនាគារជាតិនៃកម្ពុជា កំពុងបន្តការអនុវត្តការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន កិច្ចការពារប្រាក់បញ្ញើ និងការងារហិរញ្ញវត្ថុប្រកបដោយចីរភាពយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយតម្លាភាព បរិយាបន្ន និងចីរភាព៕



