
រដ្ឋធានីប៉េកាំង៖ កក្រើក! ចិនបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិ ជាពិសេស លើវិស័យការពារជាតិ និងសព្វាវុធ បន្ទាប់ពីបានបាញ់សាកល្បងមីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងបង្អស់ ក្នុងរយៈពេលជាង៤០ឆ្នាំ ខណៈអាវុធយុទ្ធសាស្ត្រថ្មីនេះ មានសមត្ថភាពមិនធម្មតាទេ! មិនធម្មតាក៏នៅត្រង់ថា វាអាចហោះចេញពីដែនទឹករបស់ចិន វាយប្រហារដល់គោលដៅនៅក្នុងដែនដីសហរដ្ឋអាម៉េរិកដោយផ្ទាល់។ នេះបើតាមការចុះផ្សាយដោយកាសែត South China Morning Post...។

យោងតាមការរាយការណ៍ កងទ័ពរំដោះប្រជាជនចិន (PLA) បានបាញ់សាកល្បងមីស៊ីលនេះ កាលពីដើមខែកក្កដា ដោយក្បាលគ្រាប់សាកល្បងបានហោះក្នុងចម្ងាយរហូតដល់៨០០០គីឡូម៉ែត្រ គ្របដណ្ដប់ទូទាំងមហាសមុទ្ទប៉ាស៊ីហ្វិក។ ទោះបីជារដ្ឋធានីប៉េកាំងមិនទាន់បញ្ជាក់ផ្លូវការពីប្រភេទមីស៊ីលក្ដី ប៉ុន្តែសារព័ត៌មាន Global Times របស់រដ្ឋចិន បានបង្កើបថា វាគឺជាប្រភេទមីស៊ីល JL-3 ដែលជាមីស៊ីលបាលីស្ទីកអន្តរទ្វីបជំនាន់ថ្មីចុងក្រោយគេបង្អស់។

ការអភិវឌ្ឍមីស៊ីល JL-3 នេះ ត្រូវគេមើលឃើញថា ជាជំហានជោគេជ័យដ៏ធំធេង ព្រោះកាលពីមុន មីស៊ីលជំនាន់ JL-2 បាញ់បានចម្ងាយត្រឹម ៧២០០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ មីស៊ីល JL-3 ថ្មីនេះ ត្រូវបានបង្កើនសមត្ថភាពបាញ់បានឆ្ងាយរហូតដល់ ១០០០០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យចិនអាចវាយប្រហារដល់រដ្ឋសំខាន់ៗរបស់អាម៉េរិក ចេញពីដែនទឹករបស់ខ្លួន។ JL-3 ប្រើប្រាស់ឥន្ធនៈរឹង ដែលធ្វើឱ្យវារក្សាទុកបានយូរ មានសុវត្ថិភាព និងអាចបើកការបាញ់ប្រហារបានភ្លាមៗ ក្នុងករណីគ្រោះអាសន្ន។

អ្វីដែលពិសេសនោះ វាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបំបែកខ្លួន បានច្រើនដើមក្នុងពេលតែមួយ ដោយក្បាលគ្រាប់នីមួយៗអាចតម្រង់ទៅវាយប្រហារលើគោលដៅផ្សេងៗគ្នាយ៉ាងលឿនស្លេវ។ បច្ចុប្បន្ន មីស៊ីល JL-3 ត្រូវបានបំពាក់នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Type 094 (ឬ Jin-class) ហើយត្រូវបានរំពឹងថា នឹងត្រូវបំពាក់លើនាវាមុជទឹកជំនាន់ថ្មី Type 096 នាចុងទសវត្សរ៍នេះ ដែលអាចផ្ទុកមីស៊ីលបានរហូតដល់២៤ដើម៕



