ចិនបា.ញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង YJ-20 ដែលអាម៉េរិកមិនចង់ឃើញ
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីបេកាំង៖ ពិភពលោកកំពុងសម្លក់សម្លឹងមើលដោយការប្រុងប្រយ័ត្ន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ចេញវីដេអូដ៏កម្រមួយ បង្ហាញពីសកម្មភាពនាវាពិឃាតរបស់ខ្លួន បាញ់សាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំងល្បឿនលឿនជាងសំឡេង YJ-20 ដែលជាអាវុធដ៏គ្រោះថ្នាក់បំផុតមួយ និងត្រូវគេជឿជាក់ថាមានសមត្ថភាពអាចបំផ្លាញ ឬពន្លិចនាវាផ្ទុកយន្តហោះដ៏មានអំណាចរបស់សហរដ្ឋអាម៉េរិកបាន ដោយការបាញ់ចំតែមួយគ្រាប់ប៉ុណ្ណោះ។

ការបញ្ចេញវីដេអូដ៏កម្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាវុធយុទ្ធសាស្ត្រមួយនេះ ត្រូវដាក់បង្ហាញជាសាធារណៈកាលពីពេលមុន ក្នុងអំឡុងពេលក្បួនព្យុហយាត្រាយោធារបស់ចិននៅរដ្ឋធានីបេកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥។ ក្រុមអ្នកវិភាគយោធាយល់ឃើញថា ខ្លឹមសារបង្កប់នៅពីក្រោយវីដេអូនោះគឺបង្ហាញច្បាស់ណាស់ថា កងទ័ពជើងទឹកចិនមិនត្រឹមតែពង្រីកចំនួននាវាចម្បាំងឱ្យកាន់តែច្រើននោះទេ ប៉ុន្តែថែមទាំងបំពាក់នូវអាវុធប្រហារដ៏ទំនើបៗ ដើម្បីតម្រង់ទិសដៅវាយប្រហារលើគោលដៅសឹកដែលមានតម្លៃខ្ពស់បំផុតនៅលើលើផ្ទៃសមុទ្ទ ជាពិសេសនាវាផ្ទុកយន្តហោះអាម៉េរិក។ អាវុធពិឃាត YJ-20 ត្រូវបានបំពាក់ដោយប្រព័ន្ធហោះហើរបង្កើនល្បឿន ដែលអាចធ្វើដំណើរក្នុងល្បឿនលើសពី ៥ Mach ដែលមានន័យថា លឿនជាងល្បឿនសំឡេងរហូតដល់ ៥ដង។ អ្វីដែលធ្វើឱ្យអាវុធនេះកាន់តែគួរឱ្យភ័យខ្លាចសម្រាប់កងទ័ពជើងទឹកអាម៉េរិក គឺសមត្ថភាពក្នុងការបត់បែនទិសដៅយ៉ាងឆាប់រហ័សក្នុងអំឡុងពេលហោះហើរ ដែលធ្វើឱ្យប្រព័ន្ធការពារ និងរ៉ាដារបស់សត្រូវស្ទើរតែមិនអាចមើលឃើញ តាមដាន ឬបាញ់ស្ទាក់ចាប់បានឡើយ។

ជាទូទៅ ក្រុមនាវាប្រយុទ្ធផ្ទុកយន្តហោះអាម៉េរិក ត្រូវបានការពារដោយស្រទាប់សន្តិសុខយ៉ាងក្រាស់ក្រែល រាប់ចាប់ពីនាវាពិឃាត ប្រព័ន្ធរ៉ាដាស្ទាក់ចាប់ យន្តហោះចម្បាំងល្បាត ព្រមទាំងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ ទោះជាយ៉ាងណាក៏ដោយ ល្បឿនដ៏លឿនដូចផ្លេកបន្ទោរនៃមីស៊ីល YJ-20 អាចជាសុបិន​ដ៏អាក្រក់សម្រាប់នមាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក។ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធជាក់ស្តែង ចិនបានសាងសង់គំរូនាវាចម្បាំងអាម៉េរិកក្នុងទំហំប៉ុនខ្នាតដើមនៅឯតំបន់វាលខ្សាច់ ដើម្បីធ្វើជាគោលដៅហ្វឹកហ្វឺនបាញ់មីស៊ីលថែមទៀតផង។ សកម្មភាពទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ដែនមហាសមុទ្ទលែងជាតំបន់សុវត្ថិភាពដាច់មុខសម្រាប់យោធាអាម៉េរិកដូចមុនទៀតហើយ។ កងទ័ពជើងទឹកចិនកំពុងពង្រីកខ្លួនយ៉ាងលឿនស្លេវ និងបង្កើនល្បឿនអាវុធប្រហាររបស់ខ្លួនឥតឈប់ឈរ ដើម្បីត្រៀមក្នុងករណីផ្ទុះសង្គ្រាមនាពេលអនាគតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត