ស.ង្គ្រា.មនៅមជ្ឈិមបូព៌ាផ្ទុះបែកផ្កាភ្លើង ខណៈអាម៉េរិកចាប់ដៃអារ៉ាប៊ីសាអូឌីតបើកការវាយប្រហារលើក្រុមស្រមោលអ៊ីរ៉ង់នៅអ៊ីរ៉ាក់
ហៀប ស៊ីថេត
17 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ ក្រោយកងទ័ពអាកាសសហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត បានរួមសហការគ្នាបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវ នៅថ្ងៃពុធទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអុីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលជាច្រើនស្រោចសំដៅលើកងកម្លាំងសហរដ្ឋអាម៉េរិក និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត...។

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បញ្ជាក់ថា ការវាយប្រហាររួមគ្នានេះ បានបាញ់ឆ្ពោះទៅរកក្រុមភេរវករដែលកងឆ្មាំបដិវត្តន៍ឥស្លាមអុីរ៉ង់ បានវាយប្រហារលើកងទ័ពសហរដ្ឋអាម៉េរិក និងប្រព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ CENTCOM ក៏បានព្រមានធ្ងន់ៗថា កងឆ្មាំបដិវត្តន៍ឥស្លាមអុីរ៉ង់ និងក្រុមស្រមោលរបស់ខ្លួន ត្រូវតែបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់ ជៀសវាងការឆ្លើយតបផ្លូវយោធាបន្ថែមទៀតពីសហរដ្ឋអាម៉េរិក។ ជាមួយគ្នា ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ពីការចូលរួមក្នុងប្រតិបត្តិការនេះ ថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងនឹងការវាយប្រហារលើទីតាំងប្រេងនៅភាគខាងកើតរបស់ខ្លួន។ ជាមួយគ្នា រាជធានីរីយ៉ាដ បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់វិធានការទប់ស្កាត់ការចំពោះការយកទឹកដីអ៊ីរ៉ាក់ប្រើយ៉ាងសេរី ដើម្បីវាយប្រហារលើប្រទេសជិតខាង ខណៈរដ្ឋធានីបាកដាដ បានប្រកាសបើកការស៊ើបអង្កេតលើករណីនេះ។

កងទ័ពសហរដ្ឋអាម៉េរិកបញ្ជាក់ថា កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអុីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ ក្នុងគោលបំណងប៉ុនប៉ងវាយប្រហារដ៏ភ្ញាក់ផ្អើលលើកងទ័ពសហរដ្ឋអាម៉េរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែប្រព័ន្ធការពារអាកាសសហរដ្ឋអាម៉េរិកបានស្ទាក់ចាប់ និងបាញ់កម្ទេចចោលដោយជោគជ័យទាំងអស់។ សូមជម្រាបថា ការប៉ះទង្គិចគ្នា បានវិវត្តិទៅមុខកាន់តែស្រួចស្រាវចាប់តាំងពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីអុីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេងជាច្រើនគ្រឿងនៅច្រកសមុទ្ទហ័រមូស្ស បណ្ដាលឱ្យសហរដ្ឋអាម៉េរិក បើកការវាយប្រហារតាមអាកាសជារៀងរាល់រាល់យប់លើអុីរ៉ង់ និងមានការបាញ់ប្រហារតបតវិញដោយមីស៊ីល និងដ្រូនពីសំណាក់រដ្ឋធានីតេហេរ៉ង់ លើទីតាំងយោធាសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះបន្តិច ក្នុងអំឡុងពេលនៃការផ្អាកបាញ់គ្នាមួយសន្ទុះធំ ទន្ទឹមនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា សហរដ្ឋអាម៉េរិក នៅតែបើកទ្វារសម្រាប់ការចរចាផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមនេះ។ ថ្វីបើយ៉ាងនេះក្ដី ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាតានតឹងកាន់តែខ្លាំងឡើងៗ ហាក់រកកោះត្រើយនៃពន្លឺសន្តិភាពមិនឃើញឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត