អាម៉េរិកចាយលុយជិត៦០ពាន់លានដុល្លារ បញ្ជាទិញប្រព័ន្ធការពារអាកាសពីក្រុមហ៊ុនយក្សពីរ ពង្រឹងកម្លាំងយោធាឡើងវិញ
N
Nary Vann
18 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានសម្រេចបង្កើនកិច្ចសន្យាទិញគ្រាប់មីស៊ីលការពារអាកាស Patriot រហូតដល់ជិត៥៩ពាន់លានដុល្លារ ដោយសារតម្រូវការប្រើប្រាស់ប្រព័ន្ធការពារអាកាសនេះ មានការកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់មួយរយៈពេលកន្លងនេះ...។

ផ្អែកតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃទី២៩កក្កដា ឆ្នាំ២០២៦ កិច្ចសន្យាថ្មីដែលកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ធ្វើជាមួយក្រុមហ៊ុនផលិតអាវុធ Lockheed Martin មានតម្លៃរហូតដល់៥៣,៩ពាន់លានដុល្លារ ជាការបន្ថែមលើកិច្ចសន្យាចាស់តម្លៃ៤,៧ពាន់លានដុល្លារ ដែលបានអនុម័តកាលពីខែមេសាកន្លងទៅ។ បន្ថែមពីនេះ មន្ទីរបញ្ចកោណ ក៏បានព្រមព្រៀងជាគោលការណ៍ទិញប្រព័ន្ធការពារមីស៊ីល THAAD ដែលជាប្រព័ន្ធបាញ់ស្ទាក់មីស៊ីលកម្រិតខ្ពស់ ក្នុងតម្លៃប្រមាណ៣៥ពាន់លានដុល្លារផងដែរ។

កាលពីខែមេសាកន្លងទៅ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing និង Lockheed Martin ដើម្បីបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់សំខាន់ៗនៃគ្រាប់មីស៊ីលឱ្យបានច្រើនជាងមុន៣ដង។ កិច្ចព្រមព្រៀងរយៈពេល៧ឆ្នាំនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនការផលិតក្បាលតម្រង់ទិសនៃគ្រាប់មីស៊ីល Patriot ដែលជាអាវុធការពារអាកាសដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាម៉េរិក ក្នុងការបាញ់កម្ទេចមីស៊ីលសត្រូវនៅលើអាកាស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត