អ៊ីរ៉ង់ជះលុយទិញប្រព័ន្ធបាញ់មីស៊ីលការពារអាកាសរាប់រយពីចិន ស្ដារប្រព័ន្ធការពារជាតិឡើងវិញ
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទទួលកញ្ចប់សព្វាវុធដំបូងនៃប្រព័ន្ធបាញ់មីស៊ីលការពារអាកាសចល័ត (MANPADS) ផលិតដោយចិន រហូតដល់៤០០ដើម ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បីស្ដារ និងពង្រឹងប្រព័ន្ធការពារអាកាសរបស់ខ្លួនឡើងវិញ ស្របពេលការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកម្រើកឡើងខ្លាំងវិញ...។  

កិច្ចព្រមព្រៀងទិញលក់អាវុធដែលមានតម្លៃចន្លោះពី៦០ទៅ៧០លានដុល្លារអាម៉េរិកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតមួយរបស់រដ្ឋធានីតេហេរ៉ង់ ក្នុងការប្រមូលផ្តុំសព្វាវុធការពារអាកាសចម្ងាយខ្លី បន្ទាប់ពីការប្រយុទ្ធគ្នានាពេលកន្លងមក បានទម្លាយឱ្យឃើញនូវចំណុចខ្សោយក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ខ្លួន។ កិច្ចសន្យានេះ រួមបញ្ចូលទាំងការទិញប្រព័ន្ធបាញ់មីស៊ីលចល័ត ចន្លោះពី៣០០ទៅ៤០០ដើម រួមទាំងប្រភេទមីស៊ីល QW-12 និង FN-16 របស់ចិនផងដែរ។

ប្រភពព័ត៌មានបន្តថា ការទិញលក់នេះ ត្រូវបានចុះហត្ថលេខាតាមរយៈក្រុមហ៊ុន Zhong qing Baoshang International Investment មានមូលដ្ឋាននៅហុងកុង ដោយធ្វើជាអ្នកសម្របសម្រួល និងជាក្រុមហ៊ុនកណ្ដាលរវាងភាគីអ៊ីរ៉ង់ និងក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធរបស់ចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងប្រតិបត្តិការហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលា។ យោងតាមប្រភពដដែល ផែនការដឹកជញ្ជូនដំណាក់កាលដំបូង នឹងត្រូវធ្វើឡើងតាមផ្លូវអាកាសចេញពីក្រុង Urumqi ភាគខាងលិចប្រទេសចិន ឆ្លងកាត់ប្រទេសប៉ាគីស្ថានឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ យ៉ាងណា កងទ័ពប៉ាគីស្ថាន បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថា ការលើកឡើងអំពីការចូលរួមរបស់ប៉ាគីស្ថាន ក្នុងការដឹកជញ្ជូនអាវុធការពារអាកាសពីចិនទៅអ៊ីរ៉ង់ គឺជាព័ត៌មានមិនពិត និងជារឿងប្រឌិតទាំងស្រុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត