រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការធ្វើទំនើបកម្ម និងកែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើទំនើបកម្ម និងកែទម្រង់លិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីលើកកម្ពស់វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលុបបំបាត់ការយកស្ថាប័នព័ត៌មានមកធ្វើជាជម្រកនៃការប្រព្រឹត្តអំពើផ្ទុយផ្សេងៗ...។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី«ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមប្រធានបទ «គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ» រៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយមានការចូលរួមពីអ្នកផលិតមាតិកា អ្នកសារព័ត៌មាន ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីរាជការមកពីអង្គភាពរាជធានី-ខេត្ត ជាច្រើននាក់ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការរៀបចំឱ្យមានសិក្ខាសាលានេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយ និងពន្យល់អំពីលិខិតបទដ្ឋានគតិយុត្ត ដែលជាការផ្លាស់ប្តូរមតិយោបល់ ជជែកពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា​ លើការអនុវត្តច្បាប់ ធ្វើយ៉ាងណាឱ្យអង្គភាពសារព័ត៌មាន ម្ចាស់អាជីវកម្ម និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ អនុវត្តការងារប្រកបដោយភាពត្រឹមត្រូវ និងមិនជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងយុគសម័យឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍ មានតួនាទីសំខាន់ណាស់ ដែលបានតភ្ជាប់បណ្តាញព័ត៌មានពីប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឱ្យមានភាពលឿន រហ័ស និងជួយជំរុញការអភិវឌ្ឍសង្គមកម្ពុជា កាន់តែមានភាពរីកចម្រើនតទៅមុខបន្ថែមទៀត។ ប៉ុន្តែទន្ទឹមនោះ យុគសម័យឌីជីថលដ៏ទំនើបនេះ ក៏មានព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deep fake បង្កហានិភ័យដល់វិស័យព័ត៌មានផងដែរ។ ដូច្នេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់វិស័យព័ត៌មានក្នុងយុគសម័យឌីជីថលទំនើប ក្រសួងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន រួមមាន៖ ការរៀបចំក្រមបទដ្ឋានគតិយុត្តវិស័យព័ត៌មាន, ការធ្វើបច្ចុប្បន្នភាពលើលិខិតបទដ្ឋានគតិយុត្តឱ្យស្របទៅនឹងបរិបទនៃសកលភាវូបនីយកម្មសម័យទំនើប និងការធ្វើឱ្យកាន់តែងាយស្រួលលើការធ្វើទំនើបកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពសារព័ត៌មាន តាមរយៈការអនុវត្តនៃការផ្តល់អាជ្ញាបណ្ណតាមប្រព័ន្ធឌីជីថល។

ជាមួយគ្នាផងដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ឈរលើគោលការណ៍ស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ជាមួយប្រភពច្បាស់លាស់ ដែលជាការចូលរួមផលិតព័ត៌មានក្លែងក្លាយ ឬព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលដទៃទៀត ដែលវានឹងនាំទៅរកការជាប់ទោសទណ្ឌ ប្រសិនបើការចុះផ្សាយនោះប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យសន្តិសុខជាតិ និងធ្វើឱ្យសង្គមវឹកវរ។ យ៉ាងណា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់នូវពាក្យស្លោកដ៏មានសារសំខាន់មួយ គឺ​ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត» ដែលពាក្យស្លោកនេះ គឺជាយន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មានអាជីព ដែលបាននិងកំពុងបំពេញភារកិច្ចដោយសុចរិតភាព នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត