
ខេត្តកំពង់ស្ពឺ៖ ក្រសួងបរិស្ថាន ដាក់ចេញវិធានការបន្ទាន់ នៅយប់ថ្ងៃទី៣១កក្កដា ដើម្បីការពារបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ បន្ទាប់ពីមានករណីអគ្គិភ័យឆេះទីតាំងស្ល និងកែច្នៃលោហៈ ឈ្មោះ សឹងសេងសេង (XINSHENG SHENG) នៅខេត្តកំពង់ស្ពឺ។ ក្រសួងបរិស្ថាន ប្រាប់ឱ្យប្រជាពលពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ហើយចៀសវាងទទួលទានសាច់សត្វ ដែលងាប់ដោយសារផ្សែងពុលកើតចេញអគ្គិភ័យឆាបឆេះរោងចក្រនេះ...។

ក្រសួងបរិស្ថានវាយតម្លៃថា ការឆេះរោងចក្រកែច្នៃថ្មពិល នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ កើតឡើងតាំងពីថ្ងៃទី២៩ រហូតដល់ល្ងាចថ្ងៃទី៣១កក្កដា នៅតែមានផ្សែង និងផ្ទុះសំណល់ថ្មពិលក្នុងទីតាំងនេះ។ ក្រសួងបន្តថា ផលប៉ះពាល់ នៅតែអាចកើតមានឡើង ដោយសារផ្សែង និងសារធាតុគីមី ចេញពីសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។ ដើម្បីទប់ស្កាត់ផលប៉ះពាល់ មន្ត្រីជំនាញក្រសួង ណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ ត្រូវពាក់ម៉ាស់ និងការពារប្រភពទឹក ព្រមទាំងចំណីអាហារ មិនឱ្យប៉ះពាល់ពីសារធាតុគីមីដែលមានក្នុងផ្សែង។ ក្រសួងអំពាវនាវឱ្យយកចិត្តទុកដាក់លើក្រុមមនុស្សងាយរងគ្រោះ ដូចជា៖ កុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម។ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតី ត្រូវស្វែងរកការពិគ្រោះយោបល់ពីមន្ត្រីសុខាភិបាល និងត្រូវព្យាបាលឱ្យបានឆាប់រហ័ស។

ដោយឡែក ចំពោះម្ចាស់កសិដ្ឋាននៅក្បែរនោះ ដែលមានមាន់ងាប់ចំនួន២០០០ក្បាល ដោយសារខ្យល់ពុល ត្រូវប្រមូលយកទៅកប់ចោលតាមវិធានសុវត្ថិភាព និងហាមយកទៅចែកចាយ ឬបរិភោគ ដើម្បីបង្ការហានិភ័យដល់សុខភាព។ ក្នុងពេលជាមួយគ្នា ក្រសួងបានអនុវត្តវិធានការត្រួតពិនិត្យ និងទប់ស្កាត់មិនឱ្យភ្លើងរាលដាលទៅតំបន់ជុំវិញ, ហ៊ុមព័ទ្ធទីតាំងដែលឆេះ, និងហាមមិនឱ្យអ្នកមិនពាក់ព័ន្ធចូលក្នុងតំបន់រងគ្រោះ។ ក្រៅពីនេះ មន្ត្រីជំនាញបានណែនាំឱ្យសម្អាត និងប្រមូលសំណល់អាគុយ ថ្មពិល និងផេះដែលនៅសល់ពីការឆេះ យកទៅគ្រប់គ្រងតាមវិធានការបច្ចេកទេស។

តាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ទីតាំងស្ល និងកែច្នៃលោហៈរបស់ក្រុមហ៊ុន សឹងសេងសេង ទើបតែចាប់ផ្តើមបើកដំណើរការសាកល្បងបានរយៈពេលប្រមាណ១ខែប៉ុណ្ណោះ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហៈ។ ក្រោយកើតហេតុ ទើបក្រសួងបរិស្ថាន ត្រួតពិនិត្យឃើញថា ទីតាំងនេះបានដំណើរការអាជីវកម្មដោយមិនទាន់រៀបចំរបាយការណ៍វាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត។ ក្រសួងបរិស្ថាន បានចាត់ទុក ការបើកដំណើរការក្រុមហ៊ុននេះ ថាល្មើសនឹងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ៕





