ក្រសួងជំនាញ ព្រមានពីហានិភ័យនៃការចុចលើតំណភ្ជាប់ (Link) និងឯកសារប្លែកៗតាមតេឡេក្រាម
ហាក់ អ៊ីឌី
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដើម្បីក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យផ្នែកបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការទទួលបានតំណភ្ជាប់ (Link) ឬការទាញយកឯកសារផ្សេងៗដែលផ្ញើចូលក្នុងកម្មវិធីតេឡេក្រាម (Telegram) ពីប្រភពមិនច្បាស់លាស់...។

តាមរយៈសេចក្តីជូនដំណឹង ចុះកាលបរិច្ឆេទនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១ ខែសីហា ក្រសួងប្រៃសណីយ៍ អះអាងថា នាពេលបច្ចុប្បន្ន ក្រុមជនខិលខូច ឬ Hackers កំពុងប្រើប្រាស់ល្បិចកលថ្មីៗជាច្រើន ដើម្បីបោកប្រាស់ និងលួចយកគណនីតេឡេក្រាម ព្រមទាំងទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ សាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, និង .scr ជាដើម ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះ អាចត្រូវបានជនខិលខូចលួចយក និងកំពុងគ្រប់គ្រងរួចហើយ។ ការចុចបើក ឬដំណើរការ តំណភ្ជាប់ ឬឯកសារទាំងនោះ អាចបណ្ដាលឱ្យមេរោគ (Malware) ត្រូវបានដំឡើងលើទូរសព្ទ ឬកុំព្យូទ័រ ហើយជនទុច្ចរិត ក៏លួចយកគណនីធនាគារ ហ្វេសប៊ុក តេឡេក្រាម បណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ។

ជាមួយគ្នា ក្រសួងជំនាញមួយនេះ បានណែនាំអំពីវិធីសាស្ដ្រមួយចំនួន ដើម្បីការពារសុវត្ថិភាពទិន្នន័យ និងគណនីផ្ទាល់ខ្លួន។ ១. កុំចុចលើតំណភ្ជាប់ប្លែកៗ៖ ជៀសវាងដាច់ខាតការចុចលើតំណភ្ជាប់ ដែលផ្ញើមកពីប្រភពមិនស្គាល់ ឬពីមិត្តភក្តិដែលត្រូវគេលួចគណនី (Account)។ ២. កុំទាញយកឯកសារសង្ស័យ៖ ពិនិត្យមើលកន្ទុយនៃឯកសារ (File extension) ឱ្យបានច្បាស់លាស់ មុននឹងចុចទាញយក (Download) ឬបើក (Open)។ ៣. បើកមុខងារសុវត្ថិភាព២ជាន់ (Two-Step Verification)៖ ត្រូវបង្កើតពាក្យសម្ងាត់ការពារបន្ថែមនៅលើតេឡេក្រាម តាមជំហានទាំងនេះ គឺចូលទៅ Settings > Privacy and Security > Two-Step Verification។ ៤. កុំផ្តល់លេខកូដ OTP ឱ្យនរណាម្នាក់៖ ត្រូវចាំថា ក្រុមការងារតេឡេក្រាម ឬស្ថាប័នផ្លូវការ មិនដែលទាមទារលេខកូដ OTP ពីអ្នកប្រើប្រាស់ឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត