
រដ្ឋធានីម៉ូស្គូ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា FSB បានប្រកាសថា លោក ប៉ាវែល ឌូរូវ Pavel Durov ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ត្រូវបានចោទប្រកាន់ជាផ្លូវការនៅប្រទេសរុស្ស៊ី ពីបទសម្រួល និងគាំទ្រដល់សកម្មភាពភេរវកម្ម ព្រមទាំងបានចាប់ផ្តើមនីតិវិធីបញ្ចូលឈ្មោះរូបលោកទៅក្នុងបញ្ជីតាមចាប់ខ្លួនជាអន្តរជាតិ...។

យោងតាមសេចក្តីថ្លែងការណ៍របស់ FSB បានឱ្យដឹងថា លោក ប៉ាវែល ឌូរូវ ត្រូវបានចោទប្រកាន់ក្រោមបទជំនួយដល់សកម្មភាពភេរវកម្ម ហើយដីកាតាមចាប់ខ្លួនជាអន្តរជាតិ ត្រូវបានចេញជាផ្លូវការ។ FSB បានចោទប្រកាន់ថា ស្ថាប័នគ្រប់គ្រងតេឡេក្រាម បានរំលោភលើច្បាប់របស់រុស្ស៊ី ដោយមិនព្រមលុបចោលនូវ Channels, Chats និងប្រព័ន្ធស្វ័យប្រវត្តិ (Bots) ជាច្រើន ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយភ្នាក់ងារចារកិច្ចអ៊ុយក្រែន និងអង្គការភេរវកម្ម ឬក្រុមជ្រុលនិយម ក្នុងការរៀបចំ និងសម្របសម្រួលសកម្មភាពភេរវកម្ម ការបំផ្លិចបំផ្លាញ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារ FSB បានបន្ថែមថា សកម្មភាពទាំងនេះ បានបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតជាច្រើននាក់ រួមទាំងស្ត្រី និងកុមារ ព្រមទាំងបង្កការខូចខាតសម្ភារអស់រាប់ពាន់លានដុល្លារ។ ការចោទប្រកាន់នេះ កើតឡើងចំពេលដែលអាជ្ញាធររុស្ស៊ីបង្កើនការរឹតបន្តឹង និងស្វែងរកវិធីគ្រប់គ្រងលើកម្មវិធីតេឡេក្រាម ខណៈលោកប៉ាវែល ឌូរូវ ធ្លាប់បានបញ្ជាក់ថា វាគឺជាការខិតខំប្រឹងប្រែងដើម្បីបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងឯកជនភាពរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ថា កម្មវិធីតេឡេក្រាមមានអ្នកប្រើប្រាស់សកម្មជាង១ពាន់លាននាក់ នៅទូទាំងពិភពលោក៕



