គម្រោងស្តារអូរដំឡូង សម្រេចបាន៦០ភាគរយ, ពលរដ្ឋជាង១៦០០គ្រួសារ នឹងទទួលបានអត្ថប្រយោជន៍
S
Soriya Sou
10 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ គិតមកទល់ពេលនេះ គម្រោងស្តារអូរដំឡូង ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលបានប្រមាណ៦០ភាគរយ...។

យោងតាមរបាយការណ៍បច្ចេកទេស បង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះ មានទំហំការងារសំខាន់ៗ ដូចជា ការស្តារអូរធម្មជាតិធ្វើជាប្រឡាយសរុបប្រវែង២៧៩០ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យថ្មី (តូច-ធំ) ។ ក្នុងការសាងសង់សំណង់សិល្បការ្យថ្មី (តូច-ធំ) មានចំនួន១០កន្លែង រួមមាន សំណង់ស្ទាក់ទឹក (ទ្វារ២) ៣កន្លែង សំណង់ទ្វារទឹក១កន្លែង សំណង់លូចម្លង២កន្លែង និងសំណង់លូដោះទឹក៤កន្លែង។ ក្រោយបញ្ចប់គម្រោងនេះ ខ្នងអូរទាំងសងខាងនឹងប្រែក្លាយជាផ្លូវលំជូនប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រចាំថ្ងៃ។

ក្រសួងធនធានទឹកបញ្ជាក់ថា ខ្នងអូរដែលបានស្តាររួច អាចទាញយកទឹកពីប្រភពផ្សេងៗ ដូចជា៖ ទឹកជ្រាបចេញក្រោមដី ទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់នារដូវវស្សា និងទឹកហូរចុះពីភ្នំខ្លែងពណ៌ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីដំណាំចំនួន១៥០ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ១៦៣៥គ្រួសារ ក្នុងភូមិចំនួន៦ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព គុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត