
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទៅបំពេញទស្សនកិច្ចផ្លូវការ ព្រមទាំងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីលើកទី៣ នៅដើមខែសីហា ឆ្នាំ២០២៦។

ក្រសួងការបរទេស ប្រកាសព័ត៌មាននៅថ្ងៃទី៣១កក្កដា នេះថា តបតាមការអញ្ជើញរបស់លោក មហាម៉ាដ ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤សីហា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្ដែងការគួរសមជាមួយជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងធ្វើជាសហប្រធានជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីលើកទី៣។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ នឹងពិនិត្យគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាព ដែលសម្រេចបានក្នុងការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២ និងកិច្ចព្រមព្រៀងនានា ដែលបានឯកភាពនាពេលកន្លងមក។ កិច្ចប្រជុំនេះនឹងដាក់ចេញនូវវិធានជាក់លាក់បន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតលើវិស័យជាច្រើន ដែលនឹងផ្តល់សន្ទុះបន្ថែមថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យរវាងកម្ពុជា និងម៉ាឡេស៊ី។

ក្រសួងការបរទេសរំពឹងថា ការបំពេញទស្សនកិច្ចនេះនឹងជួយពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងម៉ាឡេស៊ី ស្របតាមការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕




