
រាជធានីភ្នំពេញ៖ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្តកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆមាសទី១ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ផ្តោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង...។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគោរពជូនសម្តេចនាយករដ្ឋមន្ត្រី តាមរយៈលិខិតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង២០ភាគរយ សម្លាប់មនុស្ស៧៧៣នាក់ និងរងរបួស១៩៤៤នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់ រួមមាន៖ បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាបច្ចេកទេសយានយន្ត ។ល។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ថា ពាក់កណ្តាលឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺ៤៦១លើក បន្ទាប់មកខេត្តព្រះសីហនុ ៩២លើក ខេត្តកណ្តាល ៧៥លើក ខេត្តកំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។ ភាគច្រើននៃគ្រោះថ្នាក់កើតឡើងដោយសារកត្តាមនុស្ស ពោលគឺ អ្នកបើកបរមិនគោរពច្បាប់ ឬធ្វេសប្រហែសក្នុងការបើកបរ។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជារដ្ឋមន្រ្តីមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើសុំគោលការណ៍អនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីការផ្អាកដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល៕




