
រាជធានីភ្នំពេញ៖ ក្រោយលេចធ្លាយដំណឹងតាមសង្គមហ្វេសប៊ុក ជុំវិញរឿងរ៉ាវស្នងការនគរបាលខេត្តព្រៃវែង បានទារប្រាក់១ម៉ឺនដុល្លារក្នុង១ខែ ពីលោកឧកញ៉ា ជឹម សុខ ប្រធានសភាណិជ្ជកម្មខេត្តព្រៃវែង ពេលនេះ បានដឹងឮទៅដល់ក្រសួងមហាផ្ទៃហើយ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រសួងបានឃើញព័ត៌មាននេះហើយ។ ក្រសួងត្រូវការពេល ដើម្បីពិនិត្យឱ្យបានសុក្រឹត្យ»។ អ្នកនាំពាក្យ បន្តថា៖«ស្របគ្នានេះដែរ លោកស្នងការមានសិទ្ធិពេញលេញក្នុងបកស្រាយបំភ្លឺអំពីភាពស្អាតស្អំរបស់លោក។ ចំណែកឯ លោកឧកញ៉ាជាប្រធានសភាណិជ្ជកម្មខេត្តព្រៃវែង ខ្ញុំមិនច្បាស់ទេ ថាលោកបានដាក់ពាក្យប្ដឹងឬយ៉ាងណានោះទេ»។

គណនីហ្វេសប៊ុកឈ្មោះ Pheng Vannak ជាអ្នកទម្លាយរឿងនេះ។ តាមសំណេរលើគណនីហ្វេសប៊ុកនេះ លោកឧកញ៉ា ជឹម សុខ បានត្អូញត្អែរថា ក្រុមហ៊ុនរបស់លោក មានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ តែបែរជាត្រូវធ្វើទុក្ខបុកម្នេញពីលោកស្នងការខេត្តជាបន្តបន្ទាប់។ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបកស្រាយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ប៉ុន្តែលោកពុំលើកទូរសព្ទឡើយ៕




