ម៉ាឡេស៊ីប្រកាសបិទសាលារៀននៅតាមរដ្ឋជាច្រើន ដោយសារវិបត្តិផ្សែងអ័ព្ទពុល
ហៀប ស៊ីថេត
•
09 តុលា 2026 12:00 PM

រាជធានីគូឡាឡាំពួរ៖ ក្រសួងអប់រំម៉ាឡេស៊ីបានប្រកាសថា សាលារៀននៅក្នុងរដ្ឋជាច្រើន រួមទាំងរាជធានីគូឡាឡាំពួរ និងមជ្ឈមណ្ឌលរដ្ឋបាលរបស់ខ្លួន នឹងត្រូវបិទទ្វារនៅថ្ងៃសុក្រទី៩ ខែតុលានេះតទៅ បន្ទាប់ពីផ្សែងអ័ព្ទពុលបណ្ដាលមកពីភ្លើងឆេះព្រៃ នៅឯប្រទេសឥណ្ឌូណេស៊ី បានបង្កើនកម្រិតខ្យល់បំពុលឱ្យកើនឡើងដល់កម្រិតគ្រោះថ្នាក់ដល់សុខភាពសាធារណៈ...។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី ហ្វាដលីណា ស៊ីឌិក (Fadhlina Sidek) បានថ្លែងតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ ខែតុលាថា តំបន់ដែលត្រូវបិទទ្វារសាលារៀនរួមមាន៖ រដ្ឋចូហូរ (Johor), ម៉ាឡាកា (Malacca), ណេជឺរី សេមប៊ីឡែន (Negeri Sembilan) និងរដ្ឋសេឡាំងហ្គ័រ (Selangor) ព្រមទាំងរាជធានីគូឡាឡាំពួរ (Kuala Lumpur) និងមជ្ឈមណ្ឌលរដ្ឋបាលពិសេសភូត្រាចាយ៉ា (Putrajaya)។ លើសពីនេះ សាលារៀននៅក្នុងស្រុករុំពីន (Rompin) នៃរដ្ឋប៉ាហាំង (Pahang) ក៏ត្រូវបានប្រកាសបិទផងដែរ។ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ខ្ញុំបានស្នើឱ្យគ្រប់មន្ទីរអប់រំរដ្ឋ និងការិយាល័យអប់រំស្រុក បន្តតាមដានស្ថានការណ៍ផ្សែងអ័ព្ទពុលនេះ យ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការភ្លាមៗ ប្រសិនបើស្ថានការណ៍ចាំបាច់»។

លោកស្រី ហ្វាដលីណា ស៊ីឌិក (Fadhlina Sidek)
លោកស្រី ហ្វាដលីណា ស៊ីឌិក (Fadhlina Sidek)

សន្ទស្សន៍បំពុលខ្យល់នៅក្នុងប្រទេសម៉ាឡេស៊ីកំណត់ថា កម្រិតពី១០១ ដល់២០០ គឺការប៉ះពាល់សុខភាពធម្មតា, ពី២០១ ដល់៣០០ គឺប៉ះពាល់សុខភាពខ្លាំង និងលើសពី៣០០ គឺមានគ្រោះថ្នាក់។ គិតត្រឹមព្រឹកថ្ងៃសុក្រទី៩ ខែតុលានេះ ទិន្នន័យរាជរដ្ឋាភិបាល បង្ហាញថា មានតំបន់ចំនួន៣៧ បានកត់ត្រាកម្រិតខ្យល់បំពុលប៉ះពាល់ដល់សុខភាព។ សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី កំពុងជួបការលំបាកក្នុងការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃ និងដីស្រែចម្ការនៅតាមខេត្តជាច្រើន ដែលបានបង្កជាផ្សែងអ័ព្ទពុលយ៉ាងក្រាស់ក្រែល គ្របដណ្ដប់លើប្រទេសជិតខាង រួមមាន៖ ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានយល់ព្រមចាត់វិធានការចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិផ្សែងអ័ព្ទពុលនេះ ដោយម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជំនួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត