
រាជធានីបាងកក៖ យោធាថៃ គិតតែពីរៀបផែនការឈ្លានពានមកលើទឹកដីកម្ពុជា ហើយថែមទាំងបង្កើតព្រឹត្តិការណ៍បំភ្លៃការពិតទៅកាន់សហគមន៍អន្តរជាតិ ស្រាប់តែពេលនេះ ព្រំដែនថៃ-ភូមា កំពុងតែរអិលធ្លាក់ក្នុងស្ថានភាពអាសន្ន និងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្រោយយោធាភូមាបើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន។ ភាពតានតឹងនេះបានបង្ខំឱ្យមេបញ្ជាការកងកម្លាំងនរិន្ទសួន ចុះទៅត្រួតពិនិត្យដល់ទីតាំងផ្ទាល់។ នេះបើតាមកាសែតថៃ Amrin TV ចុះផ្សាយនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦...។

មេបញ្ជាការកងកម្លាំងនរិន្ទសួន លោក ប្រាសាន ហេនប្រាសើត (Prasan Henprasert) និងនាយទាហានជាន់ខ្ពស់ថៃជាច្រើនរូប បានចុះទៅកាន់ស្រុកម៉ែសត ខេត្តតាក ដើម្បីពិនិត្យស្ថានការណ៍ព្រមដែនថៃ-ភូមា និងចែកអំណោយលើកទឹកចិត្តដល់កងទ័ព។ ទោះយ៉ាងណា យោធាភូមា និងកងកម្លាំងការ៉ែន នៅតែបន្តប្រយុទ្ធគ្នា ហើយគ្រាប់បានផ្លោងចូលដីថៃ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋថៃជារឿយៗដដែល ខណៈកងកម្លាំងថៃហាក់គ្មានសមត្ថភាពម្ចាស់ការលើការការពារដែនអធិបតេយ្យភាពខ្លួនឯងឱ្យពិតប្រាកដនោះឡើយ។

សូមជម្រាបថា មួយរយៈចុងក្រោយនេះ យោធាភូមាបានបើកការវាយប្រហារយ៉ាងសាហាវព្រឺព្រួច លើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដោយប្រើប្រាស់កាំភ្លើងត្បាល់ធុនធ្ងន់ កាំភ្លើងយន្ត ទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងវាយប្រហារប្រហារដោយដ្រូន បណ្ដាលឱ្យគ្រាប់កាំភ្លើងហោះឆ្លងដែនទៅទម្លុះជញ្ជាំង របង និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋថៃអស់មួយចំនួន។ ក្រោយមក កងកម្លាំងពិសេសថៃ«រាជមនូ» មិនអាចធ្វើអ្វីបាន ក្រៅតែពីការបាញ់ព្រមានស្រាលៗប៉ុណ្ណោះ៕





