ធ្លាប់តែបំពានគេ ឥឡូវបាបកម្មទាន់ហន់ ត្រូវស៊ីគ្រា.ប់វិញ! យោធាភូមាវា.យប្រ.ហារយ៉ាងសន្ធាប់លើក្រុមការ៉ែន ខណៈគ្រា.ប់ធ្លាក់ចូលផ្ទះអ្នកភូមិថៃ
ហៀប ស៊ីថេត
29 កក្កដា 2026 09:29 AM

ខេត្តតាក៖ យោធាថៃធ្លាប់តែបើកការឈ្លានពានកម្ពុជាទាំងកំរោល ឥឡូវពេលនេះ សុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃខ្លួនឯងនៅតាមបណ្តោយព្រំដែនជាប់ភូមា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ស្របពេលសង្គ្រាមស៊ីវិលរវាងយោធាភូមា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការរ៉ែន បានជះអំបែងចូលក្នុងទឹកដីថៃ ហើយគ្រាប់កាំភ្លើងបានបាញ់ទម្លុះចូលផ្ទះរបស់មេភូមិ និងផ្ទះប្រជាពលរដ្ឋថៃ...។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវរវាងកងកម្លាំងកាំភ្លើងធំរបស់យោធាភូមា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ក្នុងស្រុកមីយ៉ាវ៉ាឌី (Myawaddy) បានប្រែក្លាយតំបន់ព្រំដែនថៃក្នុងឃុំមហាវ៉ាន់ (Mahawan) ស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ឱ្យទៅជាសមរភូមិប្រយុទ្ធយ៉ាងព្រឺព្រួច។ យោធាភូមាបានបើកការវាយប្រហារយ៉ាងសាហាវ ដោយប្រើប្រាស់ទាំងកាំភ្លើងត្បាល់ធុនធ្ងន់១២០មិល្លីម៉ែត្រ កាំភ្លើងយន្ត ការប្រើយន្តហោះខ្ជាក់ទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការវាយប្រហារដោយដ្រូន ជាដើម ដើម្បីដាក់សម្ពាធលើកងកម្លាំងការ៉ែន និងដណ្តើមយកមូលដ្ឋានឈរជើង។​ ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក គ្រាប់កាំភ្លើងបានផ្លោងឆ្លងដែនហោះទម្លុះចូលដីថៃ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋថៃចំនួន៣ខ្នង។ ស្នាមគ្រាប់កាំភ្លើងបានបាញ់ទម្លុះជញ្ជាំង របង និងផ្ទះរបស់ប្រជាពលរដ្ឋថៃ រួមទាំងផ្ទះរបស់មេភូមិផងដែរ។

របាយការណ៍ បង្ហាញថា កងកម្លាំងពិសេសថៃ «រាជមនូ (Rajamanu)» ក្នុងស្រុកម៉ែសូត្រ បានបាញ់តដៃវិញសំដៅទៅខាងភាគីភូមា ដើម្បីជាការព្រមានប្រឆាំងនឹងការឆ្លងចូលក្នុងទឹកដីថៃ និងដើម្បីក្រើនរំលឹកភាគីភូមា និងកងកម្លាំងការរ៉ែន ឱ្យមានការប្រុងប្រយ័ត្នចំពោះការបាញ់ប្រហារគ្នា។ ទោះបីជាអាជ្ញាធរថៃតែងតែបាញ់ព្រមានស្រាលៗ និងចាត់វិធានការការពារព្រំដែនយ៉ាងណាក៏ដោយ ក៏កងទ័ពរដ្ឋាភិបាលភូមា និងកងកម្លាំងការ៉ែន នៅតែប្រយុទ្ធគ្នា ហើយបណ្តាលឱ្យគ្រាប់កាំភ្លើង និងអំបែងគ្រាប់បែក ផ្លោងចូលក្នុងទឹកដីថៃជារឿយៗដដែល៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត