
រាជធានីភ្នំពេញ៖ បន្ទាប់ពីគេចវេះអស់រយៈពេលជិត២ថ្ងៃ ទីបំផុត ស្ត្រីឈ្មោះ សាម មុីជូ ដែលបើករថយន្ត AVATAR 11 បុកបុរសជាមន្រ្តីរាជការម្នាក់បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ត្រូវបាននាំខ្លួនទៅកាន់កន្លែងសមត្ថកិច្ចជំនាញហើយ ដើម្បីសាកសួរ និងទទួលខុសត្រូវចំពោះមុខច្បាប់...។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរថា៖ «លោកឧកញ៉ាដែលត្រូវជាឪពុករបស់ស្រ្តីបង្កគ្រោះថ្នាក់ចរាចរណ៌ បានសហការណ៌ជាមួយសមត្ថកិច្ចជំនាញ តាមរកកូនស្រី និងប្រគល់មកសមត្ថកិច្ចផែនចរាចរណ៌ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីអនុវត្តតាមផ្លូវច្បាប់»។ តាមរយៈរូបភាព គេឃើញមានឪពុកម្តារួមដំណើរជាមួយកូនស្រីជាជនបង្ក ទៅកាន់ការិយាល័យរបស់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍។

មុនត្រូវបាននាំខ្លួនទៅសាកសួរ សមត្ថកិច្ចជំនាញ បានប្រកាសតាមចាប់ស្រ្តីរូបនេះ ក្រោយបង្កហេតុ។ សូមជម្រាបថា កាលពីយប់ថ្ងៃ២៨កក្កដា ជាយប់កើតហេតុ រថយន្ដម៉ាក AVATAR 11 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាក Honda Scoopy យ៉ាងពេញទំហឹង ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យជនរងគ្រោះឈ្មោះ គួច លឹមហាន ជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ ស្លាប់ភ្លាមៗតែម្ដង។ អ្វីដែលមហាជនកាន់តែផ្ទុះកំហឹងនោះ គឺស្រ្តីជាម្ចាស់រថយន្តបង្ក បែរជាដើរកាត់សាកសពបុរសរងគ្រោះ ហើយចុចទូរសព្ទហៅតុកតុកជិះគេចខ្លួនយ៉ាងព្រងើយ ហាក់ដូចជាគ្មានភាពតក់ស្លុត ឬសោកស្តាយចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តសូម្បីបន្តិចឡើយ៕






