
ខេត្តកំពង់ស្ពឺ៖ គិតត្រឹមថៃ្ងទី៣០កក្កដានេះ ករណីអគ្គិភ័យឆាបឆេះរោងចក្រកែច្នៃថ្មពិល ស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ តាំងតែពីរសៀលថ្ងៃទី២៩កក្កដា នៅតែបន្តឆេះ ឮស្នូរសំឡេងផ្ទុះ និងមានផ្សែងហុយចេញពីទីតាំងរោងចក្រ...។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់មន្រ្តីជំនាញនាំយកឧបករណ៍តេស្តគុណភាពខ្យល់ ត្រួតពិនិត្យសាធាតុគ្រោះថ្នាក់ចុះទៅ និងចាត់វិធានការទប់ស្កាត់ករណីមានការបំពុល ផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ដែលកើតចេញពីអគ្គិភ័យនេះ។ ចំណាត់ការរបស់ក្រសួង ធ្វើឡើងក្រោយអាជ្ញាធរតំបន់រាយការណ៍ ពីករណីឆ្លងចរន្ដអគ្គិសនីឆាបឆេះរោងចក្រកែច្នៃថ្មពិល និងលោហៈធាតុ ឈ្មោះ«ស៊ីនសេងសេង មេថល មេធីរៀល អ៊ិនដាស្រ្ទៀល ផាក» កាលពីវេលាម៉ោងជាង១ រសៀលថ្ងៃទី២៩កក្កដា ឆ្នាំ២០២៦។

សំណល់ថ្មពិល សំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសារមានផ្ទុកសារធាតុគ្រោះថ្នាក់មានកម្រិតពុលខ្លាំង។ ប្រសិនបើគេយក សំណល់ថ្មពិលទៅដុតចោល វានឹងភាយចេញឧស្ម័នពុលទៅក្នុងបរិយាកាស ដែលបង្កជាផ្សែងពុលប៉ះពាល់ដល់ផ្លូវដង្ហើម ប៉ះពាល់ឆ្អឹង ខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ ខូចប្រព័ន្ធភាពស៊ាំ ប៉ះពាល់ការបង្កកំណើតទារក និងទារកក្នុងផ្ទៃ។ល។ ក្រសួងបរិស្ថាន អំពាវនាវឱ្យសាធារណជនចូលរួមទុកដាក់ ឬបោះចោលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រឹមត្រូវ ដើម្បីបង្ការការសាយភាយសារធាតុគ្រោះថ្នាក់ចូលក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស៕





