
រាជធានីភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា ដើម្បីរួមចំណែកលើកកម្ពស់ និងការពារសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) ថ្លែងដូច្នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព...។

លោក ថូម៉ាស់ អេនឌ្រូ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា ក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកនៅកម្ពុជា។ លោកបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួងស្ថាប័ន អង្គការសង្គមស៊ីវិល និងបានចុះពិនិត្យស្ថានភាពជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមលើនេះ លោកបានកោតសរសើរកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍អន្តរជាតិ ពាក់ព័ន្ធសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ និងបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយកម្ពុជា ដោយផ្អែកលើគោលការណ៍ស្ថាបនា និងការគោរពច្បាប់។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ការតែងតាំងលោក ថូម៉ាស់ អេនឌ្រូ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ដៃគូសហការ ដែលធ្វើការក្នុងស្មារតីស្ថាបនា ប្រកបដោយសមធម៌ និងការគោរពគ្នាទៅវិញទៅមក។ សម្តេចធិបតី មានប្រសាសន៍ គូសរំលេចថា រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេស សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ។ ក្នុងពេលជាមួយគ្នា សម្តេចសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ សេរីភាព ត្រូវអនុវត្តដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរៀបចំរបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ មេដឹកនាំកម្ពុជា បានឆ្លៀតជម្រាបជូន អ្នករាយការណ៍ពិសេស អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕





