ស្ថានទូតចិននៅថៃ ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ជុំវិញការប្រើហិង្សាលើស្រ្តីជនជាតិចិន
N
Nary Vann
28 កក្កដា 2026 09:15 AM

រាជធានីបាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានអំពាវនាវឱ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតជាប្រញាប់ ជុំវិញហេតុការណ៍ដែលស្រ្តីជនជាតិចិនម្នាក់រងគ្រោះដោយសារការប្រើប្រាស់កម្លាំងបាយ និងអំពើហិង្សាហួសហេតុពីសំណាក់បុគ្គលិកសន្តិសុខ(ថៃ) ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍មួយនៅក្នុងរាជធានីបាងកក។

ស្ថានទូតចិន ត្រូវបានទាក់ទងទៅសុំកិច្ចអន្តរាគមន៍ដោយផ្ទាល់ពីពលរដ្ឋចិន ជាជនរងគ្រោះក្នុងហេតុការណ៍ដែលសន្តិសុខចាប់បង្ខំ និងប្រើកម្លាំងបណ្តេញចេញពីទីតាំងពិធីនោះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលស្ថានទូតចិនបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកក្កដា។ ហេតុការណ៍នេះ ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅក្នុងកម្មវិធីតាំងពិពណ៌ប្រលោមលោកអន្តរជាតិ (International Novel Festival 2026) ជាទីដែលជម្លោះរវាងអ្នកចូលរួមជនជាតិចិន និងបុគ្គលិកសន្តិសុខបានផ្ទុះឡើង រហូតបង្កឱ្យមានការដេញដោល និងជជែកគ្នាយ៉ាងក្ដៅគគុកនៅលើបណ្តាញសង្គម។

ករណីនេះ ក៏បានធ្វើឱ្យក្រុមហ៊ុនរៀបចំកម្មវិធី GMMTV ចេញមុខសុំទោសជាសាធារណៈ ដោយទទួលស្គាល់ថា បុគ្គលិកសន្តិសុខ ពិតជាបាន «ប្រើប្រាស់កម្លាំងបាយហួសហេតុ» មែន។ ស្ថានទូតចិនបានជំរុញឱ្យអាជ្ញាធរថៃពាក់ព័ន្ធ ប្រញាប់ស្រាវជ្រាវស្វែងរកការពិត និងដោះស្រាយករណីនេះឱ្យបានសមរម្យតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ស្ថានទូតក៏បានបញ្ជាក់ដែរថា ខ្លួននឹងផ្តល់ជំនួយផ្នែកកុងស៊ុលចាំបាច់ទាំងអស់ដល់ពលរដ្ឋចិនរូបនោះ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋចិនដែលកំពុងរស់នៅ និងធ្វើដំណើរក្នុងប្រទេសថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត