ស្តេចឥន្ទ្រីអាម៉េរិកដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង៥ដង ក្បែរច្រមុះនាគរាជចិនជាលើកដំបូង
ហៀប ស៊ីថេត
10 ម៉ោងមុន

អាស៊ីប៉ាស៊ីហ្វិក៖ សហរដ្ឋអាម៉េរិក បានដាក់ពង្រាយប្រព័ន្ធអាវុធមីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានរហ័ស្សនាមថា «ឥន្ទ្រីខ្មៅ-Dark Eagle» នៅកោះហ្កាំ (Guam) ខណៈការដាក់ពង្រាយប្រព័ន្ធអាវុធមីស៊ីលល្បឿនលឿនជាងសំឡេងនេះ គឺជារឿងលើកដំបូងបង្អស់នៅក្នុងទឹកដីរបស់សហរដ្ឋអាម៉េរិក ស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា មីស៊ីល Dark Eagle ត្រូវបានដាក់ពង្រាយទៅកាន់កោះហ្កាំ សម្រាប់សមយុទ្ធ «Valiant Shield» ដែលជាសមយុទ្ធប្រយុទ្ធចម្រុះជាតិសាសន៍ ធ្វើឡើងនៅភាគខាងលិចមហាសមុទ្ទប៉ាស៊ីហ្វិកកាលពីពេលកន្លងទៅ។ រូបថតបញ្ជាក់ពីការដាក់ពង្រាយនេះ ត្រូវបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុន ដោយបង្ហាញពីកងកម្លាំងចម្រុះពហុវិស័យ-ប៉ាស៊ីហ្វិក កំពុងហ្វឹកហាត់ជាមួយប្រព័ន្ធអាវុធនេះ។ សូមជម្រាបថា បញ្ជាការដ្ឋានចម្រុះពហុវិស័យ-ប៉ាស៊ីហ្វិកនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើការច្របាច់បញ្ចូលគ្នានាពេលថ្មីៗនេះ រវាងកងពលធំថ្មើរជើងទី៧ និងកងកម្លាំងចម្រុះពហុវិស័យទី១ កាលពីខែមិថុនា។ នេះជាការដាក់ពង្រាយជាលើកដំបូងនៃមីស៊ីល Dark Eagle ទៅកាន់កោះហ្កាំ ក្នុងអំឡុងពេលសមយុទ្ធ Valiant Shield ដែលត្រូវបានរៀបចំឡើងជាច្រើនទីតាំងនៅភាគខាងលិចមហាសមុទ្ទប៉ាស៊ីហ្វិក រួមមាន៖ ប្រទេសជប៉ុន កោះហ្កាំ និងកោះម៉ារីយ៉ាណាខាងជើង។ សមយុទ្ធនេះត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងសេណារីយ៉ូផ្សេងៗជាច្រើន ដែលអាចស្រដៀងទៅនឹងការប្រយុទ្ធគ្នាដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងចិន។

Dark Eagle ឬឥន្ទ្រីខ្មៅ បានក្លាយជាតួអង្គចំណូលថ្មីចុងក្រោយគេក្នុងបញ្ជីនៃសមយុទ្ធពហុជាតិសាសន៍ ដែលក្នុងនោះរួមមានទាំង៖ ការបង្ហាញខ្លួនជាលើកដំបូងនៃយន្តហោះគ្មានមនុស្សបើក MQ-28 Ghost Bat ដែលមានរហ័ស្សនាមថា ប្រចៀវខ្មោច, ការចូលរួមរបស់យន្តហោះល្បាត P-8A Poseidon របស់នូវែលសេឡង់, ការចូលរួម និងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត, ការបាញ់មីស៊ីល AGM-158C LRASM របស់យន្តហោះទម្លាក់គ្រាប់បែក B-2 ក្នុងអំឡុងសមយុទ្ធបាញ់ពន្លិចនាវា, ការបាញ់គ្រាប់ពិតនៃប្រព័ន្ធការពារដែនអាកាស Iron Dome របស់កងម៉ារីនសហរដ្ឋអាម៉េរិក, និងនាវាវាយប្រហាររបស់ជប៉ុនបាញ់ពន្លិចនាវាវាយប្រហារផ្លូវទឹកដែលឈប់ប្រើប្រាស់, ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ស្រដៀងទៅហ្នឹងការធ្វើសង្គ្រាមជាក់ស្តែង។ គួរកត់សម្គាល់ថា កងទ័ពសហរដ្ឋអាម៉េរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ី Dark Eagle សម្រាប់សមយុទ្ធពហុជាតិសាសន៍ ដើម្បីទប់ទល់នឹងគូបដិបក្ខដូចជាប្រទេសចិន។ ប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងនេះ ធ្លាប់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអូស្ត្រាលីកាលពីមុន សម្រាប់សមយុទ្ធ Talisman Sabre ដែលធ្វើឡើងក្នុងខែសីហា ឆ្នាំ២០២៥។

Dark Eagle អាចហោះបានក្នុងល្បឿនលឿនជាងសំឡេង៥ដង ហើយមានភាពបត់បែនខ្លាំង ដែលធ្វើឱ្យសត្រូវពិបាកស្ទាក់ចាប់យ៉ាងខ្លាំង។ ការសម្ញែង Dark Eagle នេះ ធ្វើឡើងក្រោយនាគរាជចិនត្រូវបានគេចាត់ទុកថា ជាប្រទេសដ៏លេចធ្លោក្នុងការនាំមុខគេនៅលើពិភពលោក ផ្នែកសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង ជាពិសេសគឺមីស៊ីលប្រភេទ DF-17, មីស៊ីលប្រឆាំងនាវា YJ-21, អាវុធល្បឿនលឿនជាងសំឡេង DF-27 និងអាវុធទំនើបផ្សេងៗជាច្រើនទៀត។ ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Dark Eagle ទៅកាន់កោះហ្កាំ រឹតតែមានសារសំខាន់សម្រាប់អាម៉េរិក នៅត្រង់ថា ទឹកដីតំបន់ប៉ាស៊ីហ្វិក គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនៃការពង្រីកអំណាចកាន់តែខ្លាំងរបស់អាម៉េរិក ព្រោះទីនោះជាទីតាំងនៃមូលដ្ឋានទ័ពអាកាស Andersen, មូលដ្ឋានកងទ័ពជើងទឹកកោះហ្កាំ, និងកំពង់ផែផ្សេងៗទៀត ដែលត្រូវគាំទ្រប្រតិបត្តិការនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកថាមពលនុយក្លេអ៊ែរ ព្រមទាំងបេសកកម្មកងទ័ពជើងទឹកផ្សេងទៀត។

ក្នុងករណីផ្ទុះជម្លោះកម្រិតខ្ពស់ណាមួយជាមួយចិន កោះហ្កាំទំនងជានឹងដើរតួជាមូលដ្ឋានរៀបចំយោធាដ៏សំខាន់។ មីស៊ីលលឿនជាងសំឡេង Dark Eagle អាចបាញ់បានក្នុងរយៈចម្ងាយជាង២៧០០ ដល់៣៥០០គីឡូម៉ែត្រ ដែលធ្វើឱ្យយោធាអាម៉េរិកអាចកំណត់គោលដៅសំខាន់ៗនៅតាមឆ្នេរសមុទ្ទចិន រួមមាន៖ រ៉ាដាការពារដែនអាកាស, មជ្ឈមណ្ឌលបញ្ជាការ, ទីតាំងមីស៊ីល, កំពង់ផែ, និងមជ្ឈមណ្ឌលភស្តុភារ ។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត