តុលាការភូមា ផ្តន្ទាទោសសកម្មជន៩រូបដល់៣៧ឆ្នាំ ជុំវិញប្រឆាំងនឹងការបោះឆ្នោតជាតិ
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ តុលាការចំនួនពីរនៅក្នុងក្រុងម៉ាន់ដាឡេ (Mandalay) ប្រទេសភូមា ឬមីយ៉ាន់ម៉ា បានផ្ដន្ទាទោសសកម្មជននយោបាយចំនួន៩រូប ឱ្យជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងររហូតដល់៣៧ឆ្នាំ ពីបទពាក់ព័ន្ធនឹងការតវ៉ាប្រឆាំង និងការអំពាវនាវឱ្យមហាជនធ្វើពហិការមិនចូលរួមបោះឆ្នោតសកល កាលពីខែធ្នូកន្លងទៅ...។

អ្នកនាំពាក្យគណៈកម្មាធិការសម្របសម្រួលកងកម្លាំងប្រឆាំងរបបសឹក-ម៉ាន់ដាឡេ បានឱ្យដឹងថា សកម្មជន៨រូប រួមទាំងលោក ហទេត ម្យ៉ាតអ៊ុង (Htet Myat Aung) ដែលជាសកម្មជនដ៏ល្បីឈ្មោះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣៧ឆ្នាំ ពីបទល្មើសច្បាប់បោះឆ្នោត និងច្បាប់ប្រឆាំងអំពើភេរវកម្ម ខណៈសកម្មជនទី៩ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ។ ក្រុមសកម្មជនទាំងនេះ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេបានរៀបចំការតវ៉ាដោយអហិង្សានៅកណ្តាលទីក្រុងម៉ាន់ដាឡេ កាលពីដើមខែធ្នូ ដើម្បីអំពាវនាវឱ្យសាធារណជនបដិសេធការបោះឆ្នោត លុបចោលច្បាប់កាតព្វកិច្ចយោធា និងដោះលែងអ្នកទោសនយោបាយទាំងអស់។

លោក លោក ហទេត ម្យ៉ាតអ៊ុង (Htet Myat Aung)
លោក លោក ហទេត ម្យ៉ាតអ៊ុង (Htet Myat Aung)

ក្រុមសកម្មជន បានសម្រេចចិត្តមិនប្តឹងតវ៉ាជំទាស់នឹងសាលក្រមនេះឡើយ ដោយសារពួកគេជឿជាក់ថា ប្រព័ន្ធតុលាការក្រោមការគ្រប់គ្រងរបស់របបសឹក នឹងមិនផ្លាស់ប្ដូរការសម្រេចចិត្តនេះទេ។ គួររំឭកផងដែរថា ច្បាប់បោះឆ្នោតថ្មីរបស់ភូមា មានចែងទោសទណ្ឌរហូតដល់ប្រហារជីវិត ចំពោះបុគ្គលណាដែលប្រឆាំង ឬរំខានដល់ដំណើរការបោះឆ្នោត ខណៈអង្គការសិទ្ធិមនុស្ស AAPP បានរាយការណ៍ថា មនុស្សជាង ៣១០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ២០២១មក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត