
រដ្ឋធានីម៉ានីល៖ ក្រសួងការបរទេសហ្វីលីពីន បានប្រកាសនៅថ្ងៃទី១០កក្កដានេះថា ជំនួបពិសេសរវាងរដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ាន (ASEAN) និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នឹងត្រូវរៀបចំឡើងដើម្បីដោះស្រាយវិបត្តិសង្រ្គាមស៊ីវិល និងស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីមីយ៉ាន់ម៉ា ត្រូវបានអាស៊ានផាត់ចេញអស់រយៈពេល៥ឆ្នាំ។

កិច្ចប្រជុំក្រៅផ្លូវការនេះ នឹងត្រូវធ្វើឡើងក្នុងរាជធានីបាងកក ប្រទេសថៃ នៅថ្ងៃអាទិត្យទី១២ ខែកក្កដានេះ ដោយមានហ្វីលីពីនជាប្រធានប្តូរវេនអាស៊ាន ជាអ្នកដឹកនាំកិច្ចប្រជុំ។ នេះគឺជាលើកដំបូងបំផុតដែលថ្នាក់ដឹកនាំការទូតអាស៊ាន ជួបពិភាក្សាផ្ទាល់មុខជាមួយតំណាងជាន់ខ្ពស់មីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានរុញច្រានឱ្យកើតមានសង្រ្គាមស៊ីវិលសម្លាប់មនុស្សអស់ប្រមាណ១សែននាក់ និងធ្វើឱ្យពលរដ្ឋរាប់លាននាក់បាត់បង់ជម្រក។

បច្ចុប្បន្ន មីយ៉ាន់ម៉ាត្រូវបានដឹកនាំដោយរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំ២០២៦នេះ ដោយមានលោក មីន អ៊ុងឡាំង (Min Aung Hlaing) ចាកចេញពីតំណែងមេបញ្ជាការរបបសឹក ទៅធ្វើជាប្រធានាធិបតីវិញ។ ភាគីហ្វីលីពីនបានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ានៅតែជាផ្នែកមួយមិនអាចខ្វះបានរបស់អាស៊ាន ហើយកិច្ចប្រជុំនេះ នឹងបើកឱកាសឱ្យរដ្ឋមន្ត្រីមីយ៉ាន់ម៉ា រាយការណ៍ពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស ព្រមទាំងពិភាក្សាពីជំហានជាក់លាក់ក្នុងការបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសទាំងស្រុង បើកកិច្ចសន្ទនាកសាងរវាងភាគីជម្លោះទាំងអស់ និងសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ៕





