យោធាភូមា ប្រើបក្សីចម្បាំងពាំគ្រា.ប់បែ.កទម្ងន់៥០០ផោនចំនួន៥គ្រា.ប់ ខ្ជាក់លើលេណដ្ឋានក្រុមការ៉ែន ធ្វើឱ្យថៃផ្អើលឆោឡោ
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ យោធាភូមា ឬមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះយោធា Y-12 និងយន្តហោះចម្បាំងប្រភេទ YAX-130 ដើម្បីទម្លាក់គ្រាប់បែកកម្ទេចលើមូលដ្ឋានឈរជើងដ៏រឹងមាំរបស់កងកម្លាំងជនជាតិភាគតិចការ៉ែន នៅក្នុងតំបន់ភូមិមីនឡាប៉ាន់ (Minlapan) នៃស្រុកម្យ៉ាវ៉ាឌី (Myawaddy) ជាប់ព្រំដែនថៃ។

កាលពីយប់ថ្ងៃទី៩ ខែកក្កដា គ្រាប់បែកទម្ងន់៥០០ផោន ឬប្រហែល២២៦គីឡូក្រាមចំនួន២គ្រាប់ត្រូវបានទម្លាក់ ហើយនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ យន្តហោះយោធាភូមាក៏បានពាំគ្រប់បែកគ្រាប់បែកទម្ងន់៥០០ផោនចំនួន៣គ្រាប់បន្ថែមទៀត ទម្លាក់ទៅលើមូលដ្ឋានទ័ពការ៉ែននៅភូមិមីនឡាប៉ានដដែល។ ប្រតិបត្តិការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានេះ គឺមានគោលបំណងបំផ្លាញលេណដ្ឋានការពារខ្លួនរបស់កងទ័ពការ៉ែន។

ទន្ទឹមនឹងនេះ យោធាភូមាឈរជើងក្នុងតំបន់ដែលស្ថិតនៅទល់មុខស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ បានបាញ់កាំភ្លើងត្បាល់៨០មិលីម៉ែត្រ ជាបន្តបន្ទាប់ស្រោចសំដៅទៅលើមូលដ្ឋានកងទ័ពការ៉ែន ដែលស្នូរផ្ទុះបានលាន់ឮខ្ទរខ្ទាររហូតដល់ស្រុកម៉ែសត។ លើសពីនេះ ក៏មានការប្រឈមមុខដាក់គ្នាយ៉ាងសាហាវនៅខ្សែត្រៀមជួរមុខផងដែរ។

ដោយឡែក សម្រាប់សាលារៀនម៉ែខនកែន ក្នុងស្រុកម៉ែសត លើទឹកដីថៃ បានផ្លាស់ប្ដូរទីតាំងបង្រៀនសិស្សជាបណ្តោះអាសន្នទៅកាន់ទីតាំងជាច្រើនដើម្បីសុវត្ថិភាព ព្រោះគ្រាប់ប្លោង គ្រាប់បែក និងគ្រាប់កាំភ្លើងធ្លាក់ចូលដីថៃជារឿយៗ ប៉ុន្តែយោធាថៃហាក់មិនហ៊ានក្អក ជាមួយយោធាភូមាឡើយ ពោលគឺបានត្រឹមតែត្រៀមកងកម្លាំងការពារនៅតាមបណ្តោយព្រំដែនតែប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត