មេដឹកនាំយោធាភូមា ត្រៀមធ្វើទស្សនកិច្ចផ្លូវការនៅថៃ ដើមខែសីហា
N
Nary Vann
11 ម៉ោងមុន

រាជធានីបាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាយោធា និងជាប្រធានាធិបតីភូមា ឬមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ចាប់ពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ ដំណើរទស្សនកិច្ចនេះ ត្រូវគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាភូមា ក្នុងការស្វែងរកការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីរដ្ឋប្រហារ។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសភូមា និងដោយឡែក ជាមួយក្រុមប្រឆាំងនៅប្រទេសថៃ កាលពីសប្តាហ៍មុន។ ក្នុងអំឡុងពេលទស្សនកិច្ច លោក មីន អ៊ុងឡាំង នឹងត្រូវចូលសម្ដែងការគួរសម និងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរគុល។​ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំរូបនេះ គឺជាផ្នែកមួយនៃវិធីសាស្ដ្រដោះស្រាយបញ្ហាទ្វេភាគីបន្ទាន់ រវាងប្រទេសទាំងពីរ រួមមាន៖ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ករណីឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម។ លោកបន្ថែមថា ការជួបពិភាក្សានេះ មិនមែនជាការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាព៥ចំណុចរបស់អាស៊ាននោះទេ ប៉ុន្តែជាជំហានជាក់ស្តែង ដើម្បីដោះស្រាយវិបត្តិជាដំណាក់កាល។

លោក សីហសក្តិ ភួងកេតកែវ (ឆ្វេង) និងលោក មីន អ៊ុងឡាំង
លោក សីហសក្តិ ភួងកេតកែវ (ឆ្វេង) និងលោក មីន អ៊ុងឡាំង

ទិដ្ឋភាពនៃកិច្ចខិតខំប្រឹងប្រែងការទូតនេះ គឺផ្តើមចេញពីវិបត្តិអស្ថិរភាពនយោបាយដ៏អូសបន្លាយនៅក្នុងប្រទេសភូមា ចាប់តាំងពីលោក មីន អ៊ុងឡាំង បានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពី៥ឆ្នាំមុន។ តំណែងប្រធានាធិបតីរបស់លោក ដែលទទួលបានតាមរយៈការបោះឆ្នោតរៀបចំដោយយោធា រងការរះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងបណ្តាប្រទេសលោកខាងលិច៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត