
រាជធានីបាងកក៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មេទ័ពអាកាសថៃ លោក ប្រាផាស សនចៃឌី (ประภาส สอนใจดี) រលាស់អណ្តាតទាំងងងើលថា ថៃនៅតែគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព នេះបើតាមការចុះផ្សាយដោយកាសែត Amrin TV។ យ៉ាងណា ការអះអាងទាំងបំភ្លៃនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាល្បិចវោហារសាស្ត្រផ្លូវការទូត ដើម្បីដោះសារ និងបង្វែរដានទង្វើឈ្លានពានរបស់ខ្លួន រួចទម្លាក់កំហុសមកលើកម្ពុជា...។

លោក ប្រាផាស បានបើកមាត់និយាយទាំងកាឡៃការពិតថា ថៃកំពុងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។ ប៉ុន្តែសកម្មភាពជាក់ស្តែងបានបង្ហាញពីភាពផ្ទុយគ្នាទាំងស្រុង។ ដោយថៃខ្លួនឯង បានប្រកាសលុបចោលជាឯកតោភាគីនូវ MoU 44 ដែលជាយន្តការទ្វេភាគីដ៏សំខាន់សម្រាប់ដោះស្រាយវិវាទដែនសមុទ្ទ។ លើសពីនេះ ថៃបានបន្តបិទច្រកទ្វារព្រំដែនជាឯកតោភាគី និងបានកាន់កាប់ទឹកដីកម្ពុជាជ្រៅជាច្រើនទីតាំង។ ដូច្នេះ ការដែលថៃអះអាងថា កំពុងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព វាគ្រាន់តែជាការនិយាយយករួចខ្លួនប៉ុណ្ណោះ ខណៈសកម្មភាពជាក់ស្តែង គឺជាការរំលោភបំពានស្មារតីនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់។

មិនត្រឹមតែប៉ុណ្ណោះ ថៃបានចោទប្រកាន់កម្ពុជាទាំងគឃ្លើនថា៖«ទាញថៃឱ្យចូលក្នុងយន្តការ UNCLOS និងបិទទ្វារចរចាទ្វេភាគី»។ គេនៅចាំបានថា ពេលដែលថៃសម្រេចចិត្តលុបចោល MoU 44 ជាឯកតោភាគី ថៃមិនបានទុកជម្រើសទ្វេភាគីណាមួយឱ្យកម្ពុជា ដើម្បីចរចានោះឡើយ ម្លោះហើយកម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្តឹងទៅតុលាការសហប្រជាជាតិ ឬយន្តការ UNCLOS នោះទេ ហើយការប្តឹងនេះទៀតសោត គឺជាសិទ្ធិស្របច្បាប់អន្តរជាតិរបស់រដ្ឋអធិបតេយ្យមួយ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ នៅពេលរងការគំរាមកំហែងពីសំណាក់់ចោរឈ្លានពាន។ សំណួរសួរថា ប្រសិនបើថៃពិតជាចង់បានសន្តិភាព ហេតុអ្វីបានជារាជធានីបាងកកមិនគោរពច្បាប់អន្តរជាតិ និងបន្តប្រើល្បិចទម្លាក់កំហុសលើកម្ពុជាបែបនេះ? ហេតុអ្វីថៃ នៅតែមិនបញ្ជូនក្រុមការងារចុះវាស់វែងបង្គោលព្រំដែនជាមួយកម្ពុជា ស្របតាមច្បាប់អន្តរជាតិ និងព្យាយាមគេចវេះ?...៕




