
រាជធានីបាងកក៖ កម្ពុជា ប្រឹងធ្វើឱ្យស្ងប់ស្ងាត់ ថៃប្រឹងធ្វើឱ្យឡើងកម្តៅ! យោធាថៃនៅតែបង្ហាញពីមហិច្ឆតាឈ្លានពាន ដោយមេបញ្ជាការកំពូលៗ និងអគ្គសេនាធិការចម្រុះនៃកងទ័ពទាំង៣ប្រភេទ គឺជើងគោក ជើងទឹក និងជើងអាកាស បានចុះទៅប្រមូលផ្តុំគ្នានៅតំបន់ព្រំដែន។ យោធាថៃ ប្រើលេសថា សកម្មភាពនេះ គឺជាការត្រួតពិនិត្យ និងការត្រៀមលក្ខណៈយោធា ប៉ុន្តែជាក់ស្តែង គឺជាការរៀបចំផែនការសឹក និងបង្កើនកម្លាំងយោធាត្រៀមបង្កហេតុជាមួយកម្ពុជា។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមមេទ័ពជាន់ខ្ពស់ថៃទាំង៣ គឺមេបញ្ជាការជើងគោក លោក ជ័យព្រឹក្ស ដួងប្រាផាត (Chaiyapruk Duangprapat), មេបញ្ជាការជើងទឹក លោក ថៈដាវុធ ថាត់ពិថាក់គុល (Thadawut Thadpitakul), និងមេបញ្ជាការជើងអាកាស លោក អនុរក្ស រុំម៉ាណារ៉ាក់ (Anurak Rommanarak) បានដឹកនាំគណៈប្រតិភូយោធាខ្នាតធំ ចុះទៅត្រួតពិនិត្យផ្ទាល់នៅចំណុចយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ភូមិខ្លងផែង (Khlong Phaeng) ភូមិជោគជ័យរបស់កម្ពុជា និងតំបន់បឹងត្រកួនរបស់កម្ពុជា។ ចលនានៃមេទ័ពថៃកំពូលៗចូលមកកាន់តំបន់ទាំងនេះ បង្ហាញយ៉ាងច្បាស់ពីចេតនារៀបចំយុទ្ធសាស្ត្រយោធាគ្រប់ជ្រុងជ្រោយ ដែលអាចជាការត្រៀមលក្ខណៈសម្រាប់សកម្មភាពឈ្លានពាន ឬការប្រើប្រាស់កម្លាំងយោធានៅពេលណាមួយ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមមេទ័ពទាំងនេះបានបង្កើតគណៈកម្មការរួមមួយ ដើម្បីបញ្ជា និងបង្រួបបង្រួមផែនការសឹករបស់កងកម្លាំងពិសេសជាច្រើនអង្គភាព បញ្ចូលគ្នាជាធ្លុងមួយ រួមមាន៖ កងកម្លាំងការងារសុរៈណារី, កងកម្លាំងប៊ូរ៉ាផា (Burapha Task Force) និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាច។ ការធ្វើសមាហរណកម្មបញ្ជាការដ្ឋានយោធាជួរមុខទាំងអស់នេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពថៃ ដែលឆ្លុះបញ្ចាំងពីការត្រៀមលក្ខណៈកងទ័ព ការរៀបចំផែនការឈ្លានពាន និងការដាក់ពង្រាយកម្លាំងវាយលុក។ ថ្វីបើគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ តែទន្ទឹមគ្នា កម្ពុជា ក៏ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈការពារខ្លួនផងដែរ៕




