បុគ្គលអន្យតិរ្ថីយ៍ កាន ចំផាឡាំង ដឹកនាំសាងសង់បន្ទប់ទឹកចំនួន១០នៅលើភ្នំទ្រព្យ
ហៀប ស៊ីថេត
13 មិថុនា 2026 11:00 AM

រាជធានីបាងកក៖ មូលនិធិ «កាន ចំផាឡាំង ហ្វោនដេសិន (Kanjom Phalang Foundation)» ដែលដឹកនាំដោយបុគ្គលជ្រុលនិយមថៃឈ្មោះ កាន ចំផាឡាំង (Kan Jom Palang) កំពុងបំពេញបេសកកម្មយ៉ាងគឃ្លើននៅក្នុងតំបន់ភ្នំទ្រព្យ ដែលភាគីថៃហៅថា ភូម៉ាឃឿ (Phu Makheua) ដើម្បីសាងសង់បន្ទប់ទឹកចំនួន១០ សម្រាប់កងទ័ពជួរមុខ ឬភ្ញៀវទេសចរដែលទៅដល់ទីនោះ។ ការសាងសង់នេះ ហាក់កំពុងបង្កប់ផែនការទុច្ចរិត និងមានគោលបំណងគាំទ្រយោធាខ្លួន ក្នុងការឈ្លានពានទឹកដីកម្ពុជា។  

បុគ្គល កាន ចំផាឡាំង
បុគ្គល កាន ចំផាឡាំង

នៅលើគេហទំព័រហ្វេសប៊ុកមួយរបស់ថៃ បានបង្ហោះរូបភាពអំពីបេសកកម្មចុងក្រោយបង្អស់របស់មូលនិធិ កាន ចំផាឡាំង ដែលកំពុងធ្វើសកម្មដោយខុសច្បាប់លើភ្នំទ្រព្យ។ ក្រោមលេសគាំទ្រដល់យោធាថៃ និងអភិវឌ្ឍវិស័យទេសចរណ៍នាពេលអនាគត មូលនិធិ ដែលដឹកនាំដោយបុគ្គល កាន ចំផាឡាំង នេះ កំពុងសាងសង់អគារបន្ទប់ទឹកចំនួន១០បន្ទប់ នៅលើភ្នំទ្រព្យ ដែលជាតំបន់យុទ្ធសាស្ត្រ និងជាចំណុចប្រតិបត្តិការឈ្លានពានសម្រាប់យោធាថៃ។ 

សកម្មភាពចុងក្រោយរបស់មូលនិធិនេះ ដែលដឹកនាំដោយបុគ្គល​អន្យតិរ្ថីយ៍ កាន ចំផាឡាំង គឺឆ្លុះបញ្ចាំងពីស្មារតីជាតិនិយមជ្រុលរបស់សកម្មជនថៃ ដែលព្យាយាមពង្រីកឥទ្ធិពលយោធា និងបង្កើតភាពតានតឹង ដើម្បបង្កជម្លោះនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ គិតត្រឹមម៉ោងចេញផ្សាយនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា មិនទាន់មានប្រតិកម្ម ឬឆ្លើយតបផ្លូវការណាមួយលើសកម្មភាពដ៏គឃ្លើនរបស់ក្រុមជ្រុលនិយមថៃនេះនៅឡើយទេ។ សូមជម្រាបថា ភ្នំទ្រព្យគឺជាតំបន់យុទ្ធសាស្ត្រយោធាដ៏ស្រួចស្រាវមួយនៅក្បែរតំបន់ប្រាសាទព្រះវិហារ ដែលធ្លាប់ប៉ះទង្គិចប្រដាប់អាវុធ កំលុងពេលយោធាថៃបើកការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជានាពេលកន្លងទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត