
រាជធានីភ្នំពេញ៖ ក្រោយវិលត្រឡប់មកកាន់សង្វៀនប្រដាល់គុនខ្មែរវិញ សិស្សច្បងធំដែលមានរហស្សនាមអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញ ដើម្បីស្រូបទាញអ្នកគាំទ្រដែលបានស្រកស្រុតក្រោយបរាជ័យរបូតខ្សែក្រវាត់អស់២ខ្សែនាពេលកន្លងមក។ យ៉ាងណា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ អ្នកលេងពូថៅដៃ នឹងត្រូវដឹកនាំអ្នកចម្បាំងគុនខ្មែរ៧នាក់ផ្សេងទៀត ឡើងតតាំងជាមួយកីឡាករបរទេសហាត់ក្បាច់គុនដូនតាខ្មែរ លើសង្វៀនថោន នៅរាជធានីភ្នំពេញ...។

យោងតាមការបញ្ជាក់ពីពិធីករល្បីឈ្មោះ លោក ជួប វុត្ថា បានឱ្យដឹងថា សង្វៀនទូរទស្សន៍ថោន នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែសីហាខាងមុខ ក្នុងកម្មវិធីលេខកូដមរណៈ ៨X៨ (Death Code 8:8) នៃសេនាគុនខ្មែរយន្ត៨ទិស។ ចំពោះកីឡាករកម្ពុជា និងបរទេសដែលត្រូវចូលរួមប្រកួតរួមមាន៖ គូបើកឆាក កីឡាករ ឌឹម សារុំ មកពីក្លិបប្រដាល់ (KKIF) ជួបកីឡាករមកពីប្រទេសម៉ុងហ្គោលី ប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ គូទី២ កីឡាករ រិន ដេវីត មកពីក្លិបប្រដាល់នាគរាជចតុមុខ ជួបកីឡាករមកពីប្រទេសជប៉ុន ប្រកួតក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម។ គូរទី៣ កីឡាករ ទូច ដេវីត មកពីក្លិបប្រដាល់មហិទ្ធិរិទ្ធមេ-សថ្ងក ជួបកីឡាករមកពីប្រទេសបារាំង ប្រកួតក្នុងប្រភេទទម្ងន់៦១គីឡូក្រាម។ គូរទី៤ កីឡាករ រិគី សេងថង មកពីក្លិបប្រដាល់ខ្លារខិនមានរិទ្ធ ជួបកីឡាករមកពីប្រទេសរុស្ស៊ី ប្រកួតក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

ចំណែក គូរទី៥ កីឡាករ ចំរើន គុនខ្មែរ មកពីក្លិបប្រដាល់គុនខ្មែរដូនតា ជួបកីឡាករមកពីប្រទេសចិន ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ គូរទី៦ កីឡាករ ឃីម បូរ៉ា មកពីក្លិបប្រដាល់រស្មីភូមិគាប ជួបកីឡាករមកពីប្រទេសចិន ប្រកួតក្នុងប្រភេទទម្ងន់៦១គីឡូក្រាម។ គូរទី៧ កីឡាករ អេ អាំម៉ារីនភូថង មកពីក្លិបប្រដាល់អេភូថងកីឡា ជួបកីឡាករមកពីប្រទេសប្រេស៊ីល ប្រកួតក្នុងប្រភេទទម្ងន់៦៦គីឡូក្រាម។ និងគូឯកប្រចាំព្រឹត្តិការណ៍ គឺសិស្សច្បងធំ អ្នកលេងពូថៅដៃ ធឿន ធារ៉ា មកពីក្លិបប្រដាល់សសុម៉ាលីគុនខ្មែរ ជួបកីឡាករមកពីប្រទេសម៉ូរ៉ូកូ ប្រកួតក្នុងប្រភេទទម្ងន់៧៤គីឡូក្រាម។ ដូច្នេះ រង់ចាំមើលថា តើអ្នកលេងពូថៅដៃ ធឿន ធារ៉ា និងសិស្សគុនរួមក្បាច់គុនដូនតាជាមួយគ្នានេះ អាចយកឈ្នះលើដៃគូមកពីបរទេស ជុំវិញពិភពលោកនេះបានប៉ុន្មានគូដែរ ខណៈកណ្តាប់ដៃមហាទម្ងន់ និងកែងពិឃាតដ៏មុតស្រួចរបស់សិស្សច្បងធំ នៅមិនទាន់មានប្រសិទ្ធភាពដូចកាលពីពេលមុនឡើយ រីឯកម្លាំងស៊ុហ្វ ក៏មិនទាន់ដល់កម្រិតពេលដែលឡើងខ្លាំងបំផុតនោះដែរ៕



