
រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើដល់អង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid) ធ្វើយុទ្ធនាការជាសកលប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ មកលើប្រទេសកម្ពុជា។ ការស្នើរនេះដែរ ក្នុងឱកាសលោកទេសរដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ លោក Hans Risser នាយកអង្គការ NPA ប្រចាំកម្ពុជា នាថ្ងៃទី៦សីហានេះ នៅទីស្នាក់ការអាជ្ញាធរមីន..។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោកហាមប្រាម ក្នុងនោះរួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បន្ថែមថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ។

សូមជម្រាបថា ការប៉ះទន្គិចនៅព្រំដែនកម្ពុជា-ថៃ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង ពាំគ្រាប់បែកចង្កោមជាច្រើនមកទម្លាក់ស្រោចមកលើទឹកដីកម្ពុជា ជាពិសេសគោលដៅយោធា ទីតាំងយុទ្ធោបករណ៍ ទីតាំងជនស៊ីវិល វត្តអារាម ផ្ទះសម្បែង និងទីតាំងប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕



