យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែនធ្លាក់ក្នុងសមរភូមិ ប៉ុន្តែអ្នកបើកបរមានសុវត្ថិភាព
ហៀប ស៊ីថេត
30 កក្កដា 2026 10:15 AM

រដ្ឋធានីកៀវ៖ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់អ៊ុយក្រែន បានធ្លាក់ក្នុងអំឡុងពេលបំពេញបេសកកម្មប្រយុទ្ធនៅសមរភូមិកាលពីថ្ងៃទី២៩កក្កដា ប៉ុន្តែអ្នកបើកបរយន្តហោះមានសុវត្ថិភាព បន្ទាប់ពីបានលោតឆត្រយោងសង្គ្រោះខ្លួនទាន់ពេលវេលា...។

សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអ៊ុយក្រែន នៅលើបណ្តាញតេឡេក្រាម បានបង្ហាញថា យន្តហោះចម្បាំងនេះ កំពុងបំពេញបេសកកម្មនៅសមរភូមិមុខ ដើម្បីស្ទាក់ចាប់គោលដៅអាកាសរបស់រុស្ស៊ី ស្រាប់តែបញ្ហាបច្ចេកទេសផ្នែកម៉ាស៊ីនបានកើតឡើង។ ប្រភពដដែលបន្ថែមថា អ្នកបើកបរត្រូវបានរកឃើញដោយសុវត្ថិភាព និងត្រូវបានបញ្ជូនទៅកាន់គ្រឹះស្ថានវេជ្ជសាស្ត្រ ដើម្បីទទួលការព្យាបាល។ បច្ចុប្បន្ន អ្នកជំនាញកំពុងពិនិត្យ និងធ្វើការស៊ើបអង្កេតនៅទីតាំង ដែលយន្តហោះនោះបានធ្លាក់។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានទទួលយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាម៉េរិក ពីបណ្តាប្រទេសជាសមាជិកអង្គការ NATO មួយចំនួន រួមមានប្រទេសហូឡង់ និងដាណឺម៉ាក ជាដើម។ យន្តហោះប្រភេទនេះ ត្រូវបានប្រើយ៉ាងសកម្មក្នុងការស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់រុស្ស៊ី ក្នុងអំឡុងពេលមានការវាយប្រហារតាមអាកាសទៅលើអ៊ុយក្រែន ហើយបច្ចុប្បន្ន វាត្រូវបានប្រើដើម្បីបាញ់មីស៊ីលសំដៅលើទីតាំងរបស់រុស្ស៊ី នៅតាមខ្សែត្រៀមជួរមុខផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត