
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានយល់ព្រមផ្តល់អាជ្ញាបណ្ណសម្រាប់ការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែនហើយ...។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News នៅថ្ងៃពុធទី២៩ ខែកក្កដា លោក ហ្សេឡេនស្គី ថ្លែងថា នេះគឺជាចំណាត់ការបន្តបន្ទាប់ពីការពិភាក្សាដែលបានប្រព្រឹត្តទៅកំលុងកិច្ចប្រជុំកំពូលអង្គការ NATO ក្នុងរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី កាលពីដើមខែកក្កដា។ «យើងបានចាប់ផ្តើមពិភាក្សាអំពីការផ្ដល់អាជ្ញាបណ្ណផលិតមីស៊ីល Patriot ដល់អ៊ុយក្រែន តាំងពីនៅរដ្ឋធានីអង់ការ៉ាម្ល៉េះ។ នេះគឺជាកិច្ចការដ៏សំខាន់ ព្រោះយើងត្រូវការអាវុធទាំងនេះ ឱ្យបានកាន់តែច្រើន និងឆាប់រហ័ស» នេះជាការគូសបញ្ជាក់របស់លោក ហ្សេឡេនស្គី។ លោកបានបន្ថែមទៀតថា ប្រធានាធិបតី ត្រាំ បានយល់ព្រមតាមសំណើនេះ នៅពេលពួកគេបានជួបគ្នានៅសេតវិមាន។

លោក ហ្សេឡេនស្គី បន្តសង្កត់ធ្ងន់ថា៖«ថ្ងៃនេះ យើងមានជំនួបដ៏ល្អប្រសើរមួយជាមួយប្រធានាធិបតី ត្រាំ។ លោកបានយល់ព្រមថា លោកនឹងផ្តល់អាជ្ញាបណ្ណនេះមកឱ្យយើង»។ បន្ទាប់ពីទទួលបានភ្លើងខៀវពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ហ្សេឡេនស្គី បានប្រញាប់ប្រញាល់ទៅជួបជាមួយមន្ត្រីតំណាងមកពីក្រុមហ៊ុនការពារជាតិធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិកភ្លាមៗ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើការផលិតមីស៊ីល Patriot។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំសង្ឃឹមថា យើងនឹងធ្វើការផលិតរួមគ្នា។ នេះជាកិច្ចការដែលមានសារសំខាន់ខ្លាំងណាស់»៕



