ស.ង្គ្រា.មមជ្ឈិមបូព៌ារីកធំទៅៗ ក្រោយដ្រូនហោះបុកនាវាផ្ទុកឧស្ម័នអាម៉េរិកនៅអេហ្ស៊ីប
ហៀប ស៊ីថេត
19 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យវាយប្រហារសងសឹកអ៊ីរ៉ង់វិញភ្លាមៗ បន្ទាប់ពីដ្រូនមួយគ្រឿងវាយប្រហារលើនាវាផ្ទុកឧស្ម័ន Energos Winter របស់សហរដ្ឋអាម៉េរិក នៅកំពង់ផែដាមីតា(Damietta) ក្នុងប្រទេសអេហ្ស៊ីប ធ្វើឱ្យឆាបឆេះរាលដាលដល់នាវាមួយផ្សេងទៀត។ ព្រឹត្តិការណ៍នេះបាននិងកំពុងគំរាមកំហែងដល់សន្តិសុខផ្លូវទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យជម្លោះនៅមជ្ឈិមបូព៌ា ឈានដល់កម្រិតប្រកាសអាសន្នថ្មី​ និងរីករាលដាលហួសពីដែននៃសមរភូមិដើម...។

ជាការឆ្លើយតបនឹងការវិវត្តដ៏ក្ដៅគគុកនេះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្តេជ្ញាវាយបកសងសឹកលើអ៊ីរ៉ង់វិញយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង បញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានប្រកាសថា សហរដ្ឋអាម៉េរិកចាប់ផ្តើមបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់ជាថ្មីម្ដងទៀត ដើម្បីឆ្លើយតបចំពោះអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលតម្រង់ទៅរកកងទ័ពសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ និងការវាយប្រហារលើនាវានេះ។ សង្គ្រាមបានរីកធំ ព្រោះសហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត ចាប់ដៃគ្នាបើកការវាយប្រហារតាមអាកាសលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយដ្រូនលើគោលដៅប្រេងរបស់អារ៉ាប៊ីសាអូឌីត។ អាជ្ញាធរអ៊ីរ៉ាក់ បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង៣២នាក់បានរងរបួស ខណៈរដ្ឋាភិបាលអ៊ីរ៉ាក់បានថ្កោលទោសចំពោះការវាយប្រហារនេះ ថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។

ទន្ទឹមគ្នា អ៊ីរ៉ង់បានប្រកាសបាញ់មីស៊ីលបាលីស្ទីកទៅលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកក្នុងប្រទេសហ្ស៊ក់ដានី និងបានវាយប្រហារលើនាវាដឹកប្រេងចំនួន៣គ្រឿងនៅច្រកសមុទ្ទហ័រមូស្ស។ ជាមួយគ្នា ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន បានប្រកាសបិទផ្លូវទឹកប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ធ្វើឱ្យជម្លោះនេះកាន់តែស្មុគស្មាញ និងរីកធំឡើងៗបន្ទាប់ពីសង្គ្រាមប្រយុទ្ធគ្នា ចាយពេលពេលអស់រយៈពេល៥ខែមកហើយ។ តម្លៃប្រេងឆៅបានហក់ឡើងជាង៨ភាគរយរហូតដល់ជិត៩០ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនោះ ក្រុមអ្នកវិភាគបានព្រមានថា ការបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំបែបនេះ អាចធ្វើឱ្យឃ្លាំងគ្រាប់របស់សហរដ្ឋអាម៉េរិកប្រឈមនឹងការខ្វះខាត ដោយបច្ចុប្បន្នសហរដ្ឋអាម៉េរិកមានមីស៊ីលស្ទាក់ចាប់ Patriot តិចជាង១ពាន់គ្រាប់ និង THAAD តិចជាង២៥០គ្រាប់ប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត