
រដ្ឋធានីញូវដែលី៖ រដ្ឋាភិបាលឥណ្ឌា ចំណាយពេលស្រាវជ្រាវអស់ជាង១ឆ្នាំហើយ តែនៅមិនទាន់អាចរកឃើញមូលហេតុពិតប្រាកដអំពីការធ្លាក់យន្តហោះ បូអ៊ីង (Boeing 787) ដ៏រន្ធត់ បណ្តាលឱ្យមនុស្សដល់ទៅ២៦០នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងទៅ។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលឥណ្ឌា បានប្រកាសលទ្ធផលខ្លះៗអំពីការស្រាវជ្រាវ ដែលមនុស្សម្នាកំពុងទន្ទឹងរង់ចាំ ពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រោះពួកគេចង់ដឹងណាស់ថា យន្តហោះនេះធ្លាក់ដោយសារអ្វី។

ទោះយ៉ាងណា តាមរយៈលទ្ធផលស្រាវជ្រាវ រដ្ឋាភិបាលឥណ្ឌា បានត្រឹមអះអាងថា កុងតាក់គ្រប់គ្រងម៉ាស៊ីនប្រេងយន្តហោះ មិនមានបញ្ហានោះទេ។ ដំបូង គេសង្ស័យជាខ្លាំងថា កុងតាក់ ឬប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនប្រេងយន្តហោះ អាចមានបញ្ហា ហើយជាមូលហេតុចម្បងដែលនាំឱ្យធ្លាក់យន្តហោះ។ បើកុងតាក់គ្រប់គ្រងម៉ាស៊ីនប្រេងគ្មានបញ្ហា ចុះមកពីអ្វីវិញ? ក្រុមអ្នកជំនាញ កំពុងស្រាវជ្រាវ និងសិក្សាបន្តទៀត។

ក្នុងដំណាក់កាលនេះ ក្រុមអ្នកជំនាញ កំពុងបន្តពិនិត្យប្រព័ន្ធយន្តហោះ និងសមាសធាតុផ្សេងៗនៃយន្តហោះដែលបែកជាបំណែកៗទៅហើយ ដើម្បីអាចឈានទៅកំណត់មុខសញ្ញា ដែលធ្វើឱ្យយន្តហោះបាត់បង់ការគ្រប់គ្រងទាំងស្រុង ហើយក៏ធ្លាក់ភ្លាមៗ បន្ទាប់ហោះឡើងទើបតែបានបន្តិចប៉ុណ្ណោះ។ ក្នុងចំណោមអ្នកស្លាប់ទាំង២៦០នាក់ មាន២៤១ ជាអ្នកដំណើរ បានស្លាប់ក្នុងយន្តហោះពេលធ្លាក់ដល់ដី និង១៩នាក់ទៀត មិនមែនជាអ្នកដំណើរ បានស្លាប់ពេលយន្តហោះធ្លាក់ដល់ដី ហើយខ្ទាត់ត្រូវពួកគេ៕





