
រាជធានីតូក្យូ៖ ព្យុះទីហ្វុង Dolphin ដែលជាព្យុះទី១៣ សម្រាប់ឆ្នាំ២០២៦ នេះ កំពុងបង្កើនកម្លាំង និងល្បឿនយ៉ាងឆាប់រហ័ស ដោយវិវត្តខ្លួនទៅជា «ស៊ុបពើទីហ្វុង (Super Typhoon)» ហើយបានរំកិលខ្លួនឆ្ពោះទៅកាន់ដែនទឹកភាគអាគ្នេយ៍នៃប្រទេសជប៉ុននៅក្នុងរយៈពេល៥ថ្ងៃខាងមុខ ខណៈប្រទេសដ៏កម្សត់មួយនេះ កំពុងទទួលរងការប្រឈមមុខយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត៧,១រិចទ័រ នៅភាគខាងត្បូង។

មជ្ឈមណ្ឌលព្រមានរួមអំពីព្យុះទីហ្វុងរបស់សហរដ្ឋអាម៉េរិក (JTWC) និងទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះថា ព្យុះទីហ្វុង Dolphin កំពុងផ្លាស់ទីក្នុងល្បឿន១៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតប្រជុំកោះម៉ាស្យ៊ែល Marshall ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ដោយមានល្បឿនខ្យល់អតិបរមា២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកព្យាករឧតុនិយម បានបញ្ជាក់ថា ព្យុះនេះ បានក្លាយជាព្យុះដែលបង្កើនកម្លាំងលឿនបំផុតនៅក្នុងអាងប៉ាស៊ីហ្វិកខាងលិច ដោយកើនឡើងនូវល្បឿនខ្យល់ដល់ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ JTWC បានព្យាករថា លក្ខខណ្ឌអាកាសធាតុអំណោយផលនឹងរុញច្រានឱ្យព្យុះទីហ្វុង Dolphin បង្កើនកម្លាំងខ្យល់អតិបរមារហូតដល់៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅត្រឹមថ្ងៃទី៣១ ខែកក្កដានេះ។

ការកើនឡើងកម្លាំងដ៏គំហុកនេះ អាចធ្វើឱ្យព្យុះទីហ្វុង Dolphin បំបែកកំណត់ត្រាក្លាយជាព្យុះមានកម្លាំងខ្លាំងបំផុតប្រចាំឆ្នាំ២០២៦ ឬអាចស្មើនឹងកម្លាំងនៃព្យុះទីហ្វុង Nepartak កាលពីឆ្នាំ២០១៦ ដែលជាព្យុះស៊ីក្លូនមានកម្លាំងខ្លាំងបំផុតប្រចាំខែកក្កដានៅក្នុងសតវត្សរ៍ទី២១នេះ។ យ៉ាងណា អ្នកជំនាញបានបញ្ជាក់ថា ព្យុះនេះនឹងមិនទាន់ប៉ះពាល់ ឬគំរាមកំហែងដោយផ្ទាល់ដល់តំបន់ដីគោកណាមួយឡើយយ៉ាងហោចណាស់រហូតដល់ចុងសប្តាហ៍នេះ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅជិតដែនទឹកភាគអាគ្នេយ៍នៃប្រទេសជប៉ុន ក្នុងរយៈពេល៥ថ្ងៃខាងមុខ៕



