
រាជធានីភ្នំពេញ៖ មេប៉ូលិសរាជធានី បានចេញបទបញ្ជាដល់កម្លាំងជំនាញចរាចរណ៍ ឱ្យចុះស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយកូនស្រីអ្នកមានស្តុកស្ដម្ភម្នាក់ បើករថយន្តបុកមនុស្សបណ្ដាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី២៨កក្កដា នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ នៃខណ្ឌសែនសុខ...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនារសៀលថ្ងៃទី២៩ ខែកក្កដានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ខ្លីថា ពាក់ព័ន្ធករណីខាងលើនេះ លោកបានដាក់បទបញ្ជាទៅស្នងការរងទទួលផែនការងារចរាចរណ៍ ដើម្បីបើកការស្រាវជ្រាវហើយ។ ភ្លាមៗ..តាមរយៈគណនីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍ (Heng Rothana) បានប្រកាសតាមចាប់ខ្លួនម្ចាស់រថយន្ត AVATAR 11 តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផងដែរ។

សូមជម្រាបថា កាលពីយប់ថ្ងៃកើតហេតុ រថយន្ដម៉ាក AVATAR 11 ពាក់ស្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពាក់ស្លាកលេខភ្នំពេញ 1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះឈ្មោះ គួច លឹមហាន ជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ ស្លាប់ភ្លាមៗតែម្ដង។ អ្វីដែលកាន់តែគួរ ឱ្យសង្វេគ និងខ្លោចចិត្តបំផុតនោះ គឺម្ចាស់រថយន្តបង្ក បានដើរកាត់សពបុរសរងគ្រោះ ហើយចុចទូរសព្ទហៅកង់បីជិះគេចខ្លួនយ៉ាងព្រងើយ ហាក់ដូចជាគ្មានភាពតក់ស្លុតនឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តិ សូម្បីបន្តិចឡើយ។ ក្រោយកើតហេតុ អត្តសញ្ញាណម្ចាស់រថយន្ដ ត្រូវបានគេស្គាល់ឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ ដែលល្បីថា ជាអ្នកជំនួញស្ត្រីស្តុកស្ដម្ភ និងមានឪពុកជាឧកញ៉ាផងដែរ៕






