
រាជធានីភ្នំពេញ៖ បើនិយាយពីដំណើរឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Hyundai Cup 2026 របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺគ្មានសង្ឃឹមសោះឡើយ ដ្បិត២ប្រកួតបើកឆាក ក្រុមគោព្រៃឈុតធំកម្ពុជា ចាញ់ទាំងពីរប្រកួត និងសល់ពីរប្រកួតទៀតត្រូវជួបក្រុមខ្លាំងវៀតណាម ដែលកម្ពុជាលេងមិនដែលឈ្នះទាល់តែសោះ។ ទោះយ៉ាងណា អ្នកគាំទ្រនៅសល់ក្ដីរំពឹងមួយទៀត នោះគឺពានរង្វាន់ FIFA Asean Cup កម្រិតទី២ ដែលនឹងចាប់ផ្តើមនៅកញ្ញាខាងមុខ...។

សម្រាប់ពានរង្វាន់ FIFA Asean Cup កម្រិតទី២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូលB ជាមួយក្រុមជម្រើសជាតិឡាវ និងក្រុមទីម័រខាងកើត ខណៈពូល A មានក្រុមហុងកុង, ភូមា និងប្រុយណេដារ៉ូសាឡិម។ ក្រុមទាំងបីក្នុងពូលនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុជាមួយគ្នា ដើម្បីជ្រើសរើសក្រុមកំពូលតារាងនៃពូលនីមួយៗឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលេខពីរក្នុងពូល ក៏ត្រូវប្រកួតគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ផងដែរ។ ចំពោះការប្រកួតនឹងចាប់ផ្តើមលេងនៅថ្ងៃ FIFA Day ពោលគឺចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិ សង្ឃឹមថា ក្រុមគោព្រៃឈុតធំកម្ពុជា អាចធ្វើបានល្អ និងមានទម្រង់លេងខ្លាំងជាងក្រុមដែលកំពុងលេងក្នុងពេលបច្ចុប្បន្នមិនខាន ដើម្បីស្ដារទឹកចិត្តអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឡើងមកវិញ។

ដោយឡែក បើយើងក្រឡេកមកមើលតារាងចំណាត់ថ្នាក់ពូលA នៅពានរង្វាន់ ASEAN Hyundai Cup 2026 ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងលេងវិញ គឺពេលនេះក្រុមកម្ពុជាមិនទាន់មានពិន្ទុរាប់នៅឡើយទេ ដោយពីរប្រកួតបរាជ័យទាំងពីរតែម្ដង ចាញ់ក្រុមសិង្ហបុរី ១-២ និងបន្តចាញ់ក្រុមឥណ្ឌូណេស៊ី ១-៥យ៉ាងធ្ងន់ធ្ងរបំផុត។ យ៉ាងណា ក្រុមគោព្រៃឈុតធំកម្ពុជា នៅសល់២ប្រកួតទៀត ដោយជួបក្រុមទីម័រខាងកើត នៅថ្ងៃទី៣ ខែសីហា នាពហុកីឡដ្ឋានជាតិមរតកតេជោ និងជិះយន្តហោះទៅជួបក្រុមខ្លាំងវៀតណាមដល់ផ្ទះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលA។ ចំពោះការរៀបចំក្រុមលើកនេះ គ្រូបង្វឹក ហាក់ទទួលការរិះគន់ខ្លាំងពីអ្នកគាំទ្រ ព្រោះតែកីឡាករកម្ពុជាមួយចំនួនជាប់ជម្រើសជាតិហើយ បែរជាក្លិបមិនបញ្ជូនកីឡាករឱ្យចូលលេង ខណៈការជួបជុំប្រមូលផ្តុំហ្វឹកហាត់ ក៏មានពេលតិចបំផុត ទើបការប្រកួតកន្លងមកមិនទទួលបានលទ្ធផលល្អនោះ៕




