
រាជធានីភ្នំពេញ៖ កម្ពុជា និងឥណ្ឌូណេស៊ី ឯកភាពរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលជំនាញដល់មន្ត្រីនគរបាលឱ្យកាន់តែស៊ីជម្រៅស្របតាមការវិវត្តនៃបទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នា ឥណ្ឌូណេស៊ី អះអាងថា នឹងផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិអំពីលទ្ធផលជាក់ស្តែង ដែលកម្ពុជាសម្រេចបាន...។

តាមរយៈជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីបានប្រកាសថា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំនួន៣ ដល់មន្ត្រីនគរបាលកម្ពុជា រួមមាន៖ ជំនាញកោសល្យវិច័យ ការស៊ើបអង្កេតហិរញ្ញវត្ថុ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលអាចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ឬតាមរយៈការបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលនៅកម្ពុជា។ ភាគីទាំងពីរ បានឯកភាពរៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ដោយឥណ្ឌូណេស៊ី បង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេស យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង។

ឥណ្ឌូណេស៊ី ប្រកាសថា៖«សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះ»។ បន្ថែមលើកនេះ ឥណ្ឌូណេស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួយសង្គ្រោះពលរដ្ឋឥណ្ឌូណេស៊ីដែលរងគ្រោះ ក៏ដូចជាការសម្របសម្រួលលើនីតិវិធីពាក់ព័ន្ធ និងការអនុញ្ញាតឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិចូលសួរសុខទុក្ខពលរដ្ឋរបស់ខ្លួន ដែលកំពុងជាប់ឃុំ។ ឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលឥតឈប់ឈរ នៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការវិវត្តនៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជាគោលការណ៍រៀបចំ«មន្ត្រីជំនាញមួយក្រុមឱ្យជួបពិភាក្សា» ដើម្បីបង្កើតយន្តការអនុវត្តការងាររួមមួយដូចដែលកម្ពុជា បានអនុវត្តជាមួយសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសជាមិត្តផ្សេងទៀត៕








