
រាជធានីភ្នំពេញ៖ លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងការកោតសរសើរដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលហ៊ានបើកចំហឱ្យលោកចូលទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ…។

អ្នករាយការណ៍ពិសេស UN ថ្លែងកោតសរសើរដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាលើកដំបូងជាមួយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ លោក ថូម៉ាស់ អេនឌ្រូ បានអរគុណចំពោះការសម្របសម្រួលរបស់កម្ពុជា ក្នុងនោះ ក៏រួមមានទាំងក្រសួងមហាផ្ទៃ សម្រាប់ការចុះបំពេញបេសកកម្មជួបជាមួយបណ្ដាតួអង្គ និងនៅតាមគោលដៅសំខាន់ៗប្រកបដោយភាពរលូន និងសុវត្ថិភាព។ លោកក៏បានជម្រាបលោកឧបនាយករដ្ឋមន្រ្តី ស សុខា ពីព័ត៌មានមួយចំនួនដែលខ្លួន និងសហការីប្រមូលបាន ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ។ អ្នករាយការណ៍ពិសេស UN រូបនេះ ថែមទាំងបានកោតសរសើរក្រសួងមហាផ្ទៃកម្ពុជា ថា មានសេចក្ដីក្លាហាន ដោយបានសម្របសម្រួលជូនលោកដោយបើកចំហឱ្យចូលទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជម្រាបប្រាប់ លោក ថូម៉ាស់ អេនឌ្រូ ថា ក្រសួងមហាផ្ទៃ ត្រៀមខ្លួនផ្ដល់កិច្ចសហការជានិច្ច។ លោកក៏បានជម្រាបពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រកាន់ខ្ជាប់នូវការគោរព និងលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលំហប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ និងគោលការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស។ ក្នុងជំនួបដដែល ភាគីទាំងពីរបានសន្យាផ្ដល់កិច្ចសហការដល់គ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីរួមគ្នាបន្តបេសកកម្មលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរ ឈរលើគោលការណ៍ច្បាប់របស់កម្ពុជា និងក្របខណ្ឌច្បាប់ ព្រមទាំងគោលការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ៕





