នាយករដ្ឋមន្ត្រីកម្ពុជានឹងជួបជាមួយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់UNជាលើកដំបូង ក្រោយកាន់តំណែងបានជាង១០០ថ្ងៃ
វុធ ច័ន្ទតារា
06 ធ្នូ 2023 09:30 AM

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបអ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វីទិត មុនតាប៊ន (Vitit MUNTARBHORN) ដែលជាជំនួបលើកដំបូង ពោលគឺចាប់តាំងពីសម្តេចធិបតី បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាជាង១០០ថ្ងៃមកនេះ។ នេះបើយោងតាមប្រភពដែល SBM News ទទួលបាន ខណៈជំនួបនេះទំនងអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី០៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ...។

ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក វីទិត មុនតាប៊ន នៅឆ្នាំ២០២២ (រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ)
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក វីទិត មុនតាប៊ន នៅឆ្នាំ២០២២ (រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ)

ម្យ៉ាងវិញទៀតបើយោងតាមសេចក្តីថ្លែងការណ៍របស់​​ឧត្តម​​ស្នង​ការ​​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ អ្នកជំនាញរូបនេះ នឹងប្រើប្រាស់ដំណើរទស្សនកិច្ច​មកកម្ពុជាលើកនេះ ដើម្បីពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលថ្មីអំពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន និងទិសដៅទៅអនាគត។ នេះជាលើកទីមួយហើយសម្រាប់អ្នកជំនាញUNជនជាតិថៃរូបនេះ ដែលនឹងត្រូវជួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយឡើយសម្រាប់លោក វីទិត មុនតាប៊ន ដែលត្រូវមកជាន់ដីកម្ពុជា។ អ្នករាយការណ៍រូបនេះ បានមកទស្សនកិច្ចនៅកម្ពុជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២២ ដោយគ្រានោះលោកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង គឺ លោក គឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ និងអ្នកពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សជាច្រើននាក់ទៀត។

មិនខុសគ្នាពីទស្សនកិច្ចលើកមុនឡើយ លោក វីទិត មុនតាប៊ន នឹងជួបជែកជាមួយអ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល ក្រុមយុវជន សហជីព ក្រុមជនជាតិដើមភាគតិច អ្នកសារព័ត៌មាន តំណាងប្រព័ន្ធផ្សព្វផ្សាយ អ្នកការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ មុនពេលមកកាន់កម្ពុជា នៅដើមខែធ្នូនេះ កាលពី​ខែ​តុលាកន្លងទៅថ្មីៗ ​លោក​ វីទិត ​ធ្លាប់បានអះអាងថា មានឧបសគ្គជាច្រើន ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣ ​ រួម​មាន៖​ ការ​ដក​សិទ្ធិ​បេក្ខ​ជន​ ការ​យាយី​សមាជិក​បក្សប្រឆាំង និងការព្រួយបារម្ភអំពីឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់​ដូចជា​ ការ​រៀបចំ​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​នេះឡើងវិញ ការ​ជ្រើសរើស​បុគ្គលិក​បោះឆ្នោត​ដោយ​មិន​លម្អៀង និង​វត្តមាន​អ្នកសង្កេតការណ៍​ឯករាជ្យ។ ប៉ុន្តែទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាំងរាជរដ្ឋាភិបាលកម្ពុជា សុទ្ធតែបានអះអាងហើយថា ​ ការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ ដែលមានអ្នកចេញទៅបោះឆ្នោតដល់ទៅជាង៨០ភាគរយឯណោះ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត