
រាជធានីភ្នំពេញ៖ លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ បានជំរុញឱ្យអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ត្រូវមានភាពក្លាហាន កុំគេចវេះ មិនអើពើ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈការនៅស្ងៀមបង្ហាញពីការបោះបង់តួនាទី…។

ថ្លែងក្នុងបទអន្តរាគមន៍ នៅសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចំណុចទី១០៖ ការអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៊ិន តារា វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អ្នករាយការណ៍សិទ្ធិមនុស្ស និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះក្រមសីលធម៌នៃអ្នកកាន់អាណត្តិពិសេស។ តែយ៉ាងណា របាយការណ៍របស់អ្នករាយការណ៍ដែលបានបង្ហាញជូនក្រុមប្រឹក្សា នៅតែមានភាពច្របូកច្របល់ដោយសារការជ្រើសរើស និងអតុល្យភាព ដោយផ្តោតតែលើបញ្ហាសិទ្ធិពលរដ្ឋ និងនយោបាយ ខណៈការទទួលស្គាល់វឌ្ឍនភាពសេដ្ឋកិច្ចសង្គមមានតិចតួច។ លោកសង្កត់ធ្ងន់ថា អាណត្តិត្រូវជួយ មិនមែនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ។

ជាក់ស្ដែង លោក អ៊ិន តារា បានលើកឡើងចំៗថា ក្នុងកំលុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ដោយរបាយការណ៍តែប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារភាពក្លាហានខាងសីលធម៌ ដើម្បីប្រឈមមុខ មិនមែនគេចវេះនឹងការរំលោភច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជនស៊ីវិលកម្ពុជា និងទាហានកម្ពុជា១៨នាក់ ដែលត្រូវបានចាប់ខ្លួន។ លោកសង្កត់ធ្ងន់ថា សកម្មភាពបង្ខំឱ្យផ្លាស់ទីលំនៅ, ការឡោមព័ទ្ធភូមិ, ការរឹបអូសទ្រព្យសម្បត្តិ, និងការបណ្តេញពលរដ្ឋចេញដោយបង្ខំ មិនមែនជារឿងអរូបីទេ ប៉ុន្តែជារបួសរស់រវើកដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងមនសិកានៃក្រុមប្រឹក្សានេះ។ «ការនៅស្ងៀមមិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការបោះបង់តួនាទី ពោលគឺភាពស្ងៀមស្ងាត់ បំផ្លាញភាពមិនលម្អៀង ឯករាជ្យភាព និងសុចរិតភាពរបស់អ្នកកាន់អាណត្តិ»។

យ៉ាងណាក៏ដោយ កម្ពុជានៅតែគាំទ្រការបន្តអាណត្តិអ្នករាយការណ៍ដោយសុច្ឆន្ទៈ និងភាពជាដៃគូ ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការ មិនមែនជាការប៉ះទង្គិច បម្រើដល់បុព្វហេតុសិទ្ធិមនុស្សបានល្អបំផុត៕




