
រាជធានីភ្នំពេញ៖ អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (UN) លោក លោក ថូម៉ាស អេនឌ្រូ (Thomas Andrews) បានសម្ដែងនូវក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សកម្ពុជា ដោយសារជម្លោះព្រំដែន ដែលបង្កឡើងដោយការឈ្លានពានរបស់យោធាថៃ ចង់បានទឹកដីកម្ពុជា…។

ក្ដីបារម្ភនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបលើកដំបូងជាមួយអ្នករាយការណ៍ពិសេសថ្មី របស់ UN លោក កែវ សុទ្ធិ បានបើកកកាយពីទង្វើឈ្លានពានទឹកដី ការរំលោភសិទ្ធិមនុស្ស និងការជាន់ឈ្លីលើសន្ធិសញ្ញា MoU ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌របស់ភាគីថៃ មកលើកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ ខណៈបច្ចុប្បន្ន ជនភៀសសឹកកម្ពុជាចំនួនជាង២ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ តាំងតែពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្ដី។

លោក កែវ សុទ្ធិ ប្រាប់លោក លោក ថូម៉ាស អេនឌ្រូ ថា៖«នេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង»។ យ៉ាងណា លោកបានអះអាងពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ពិសេស ការ ប្រើយន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)។ ក្រោយពីបានស្ដាប់ការលើកឡើងលម្អិតពីអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ថូម៉ាស អេនឌ្រូ បានសម្ដែងនូវក្ដីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែននេះ ដូច្នេះ លោកនឹងទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹកដោយផ្ទាល់ ដើម្បីស្វែងយល់ពីតថភាពជាក់ស្តែង។ ក្នុងជំនួបនោះ លោក ថូម៉ាស អេនឌ្រូ បានកោតសរសើរប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ បានយ៉ាងល្អប្រសើរ។

មកទល់ពេលនេះ ថៃបានបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ជាច្រើនទីតាំង ហើយបាននិងកំពុងធ្វើសកម្មភាពបង្កហេតុក្នុងទឹកដីកម្ពុជា មិនព្រមឈប់។ ជាក់ស្ដែង នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ កងកម្លាំងថៃ បានឈូសឆាយដីធ្វើផ្លូវថ្មី នៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រំលោភចូលជ្រៅមកក្នុងទឹកដីកម្ពុជា។ នៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩កក្កដា កងកម្លាំងថៃ ក៏បានបន្តធ្វើសកម្មភាពឈូសឆាយដី ធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្ពុជាបានតវ៉ាចំពោះសកម្មភាពខុសច្បាប់របស់យោធាថៃ លើដែនអធិបតេយ្យ ហើយប្រកាសមិនទទួលស្គាល់ដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយ៕




