ស.ង្គ្រា.មដ្រូនកាន់តែស្រួចស្រាវ! អ៊ុយក្រែនបញ្ចេញដ្រូនស្ទាក់ចាប់ល្បឿនលឿន ឆ្លើយតបដ្រូន Shahed ដើរដោយម៉ាស៊ីនយន្តហោះចម្បាំងរុស្ស៊ី
ហៀប ស៊ីថេត
12 ម៉ោងមុន

អង់គ្លេស៖ ប្រទេសរុស្ស៊ី បានបង្កើនការដាក់ពង្រាយដ្រូនវាយប្រហារ Shahed ប្រភេទថ្មីដើរដោយម៉ាស៊ីនយន្តហោះចម្បាំង មានល្បឿនលឿនជាងមុន ខណៈក្រុមហ៊ុនការពារជាតិមួយចំនួនកំពុងប្រញាប់ប្រញាល់អភិវឌ្ឍដ្រូនស្ទាក់ចាប់ជំនាន់ថ្មី ដែលមានល្បឿនលឿនជាងមុនដូចគ្នា...។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុន SkyFall ដែលជាក្រុមហ៊ុនផលិតដ្រូនដ៏ធំមួយរបស់អ៊ុយក្រែន បានដាក់បង្ហាញដ្រូនស្ទាក់ចាប់ល្បឿនលឿនថ្មីរបស់ខ្លួន កាលពីថ្ងៃចន្ទទី២០ ខែកក្កដា នៅក្នុងពិពណ៌អាកាសចរណ៍ Farnborough Airshow ក្នុងប្រទេសអង់គ្លេស។ ដ្រូននោះមានឈ្មោះថា P1-SUN Jetkiller ជាប្រភេទដ្រូនស្ទាក់ចាប់ល្បឿនលឿន ដែលអភិវឌ្ឍចេញពីម៉ូដែលចាស់ ដែលអ៊ុយក្រែនបានដាក់ពង្រាយតាំងពីចុងឆ្នាំមុន។ វាអាចហោះបានល្បឿនរហូតដល់៣៧០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈម៉ូដែលចាស់ហោះបានត្រឹម៣១០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ។ ដ្រូននេះ ត្រូវបានគេយកទៅសាកល្បងក្នុងសមរភូមិជាក់ស្តែង ដោយបានបាញ់ទម្លាក់ដ្រូន Shahed ដើរដោយម៉ាស៊ីនយន្តហោះច្បាំងរបស់រុស្ស៊ីអស់ជាង១០គ្រឿងរួចមកហើយ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន។ សម្រាប់ម៉ូដែល P1-SUN ធម្មតា បានបាញ់ទម្លាក់ដ្រូន Shahed ជាង៥៥០០គ្រឿង ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយក្រុមហ៊ុនមានសមត្ថភាពផលិតបាន៥០០០០គ្រឿងក្នុងមួយខែ។

អ្នកជំនាញបានបញ្ជាក់់ថា ការប្រើប្រាស់ដ្រូន Shahed ដើរដោយម៉ាស៊ីនយន្តហោះចម្បាំងរបស់រុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ។ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសអ៊ុយក្រែន បានប្រាប់រ៉យទ័រកាលពីខែមេសាថា ប្រហែល១៥ភាគរយ ទៅ២០ភាគរយ នៃដ្រូន Shahed ដែលរុស្ស៊ីបាញ់មក គឺដើរដោយម៉ាស៊ីនយន្តហោះចម្បាំងជំនួសឱ្យម៉ាស៊ីនស្លាបចក្រធម្មតា។ ដ្រូន Shahed នេះ អាចហោះក្នុងល្បឿនរហូតដល់៥០០គីឡូម៉ែត្រក្នុង១ម៉ោង។ ល្បឿនដ៏លឿននេះធ្វើឱ្យអ៊ុយក្រែនពិបាកក្នុងការស្វែងរក ស្ទាក់ចាប់ និងវិធានការឆ្លើយតប ហើយវាលឿនជាងដ្រូនស្ទាក់ចាប់ភាគច្រើន ដែលមាននាពេលបច្ចុប្បន្ន។

ក្រៅពីអភិវឌ្ឍដ្រូន P1-SUN Jetkiller ក្រុមហ៊ុនរួមគ្នារវាងអង់គ្លេស និងអ៊ុយក្រែន ឈ្មោះ Firebolt Engineering ក៏បានអភិវឌ្ឍដ្រូនស្ទាក់ចាប់ដើរដោយម៉ាស៊ីនយន្តហោះចម្បាំងផងដែរ នោះគឺដ្រូន Griffen ដែលបច្ចុប្បន្នអាចហោះបានល្បឿន ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនអង់គ្លេស Dynamic Propulsion ដើម្បីបង្កើតម៉ាស៊ីនថ្មី ដែលសង្ឃឹមថា នឹងបង្កើនភាពខ្លាំងសម្រាប់ដ្រូនស្ទាក់ចាប់ដើរដោយម៉ាស៊ីនដើរដោយយន្តហោះចម្បាំងនេះ គឺស្ថិតនៅក្រោម១០០០០ដុល្លារ សម្រាប់អ៊ុយក្រែន។ ទោះបីជាថ្លៃជាងដ្រូនស្ទាក់ចាប់ធម្មតា ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីប្រយុទ្ធតទល់ជាមួយដ្រូន Shahed ដើរដោយម៉ាស៊ីនយន្តហោះចម្បាំងរបស់រុស្ស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត